ក្ដៅៗ! ចាប់ពីស្អែក កម្ពុជា មានភ្លៀងធ្លាក់បន្តបន្ទាប់ អាចបណ្ដាលឱ្យតំបន់ទាំងនេះ មានជំនន់ទឹកភ្លៀង
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៧-២៣ ខែសីហា ឆ្នាំ ២០២២ ឱ្យបានដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏មានច្រើនដោយអន្លើ និងលាយឡំទៅ ដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឱ្យ ភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសាជាថ្មី។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ និង ច្រើនដោយអន្លើលាយឡំទៅដោយ ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់នោះ នឹងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងនៅ ក្នុងភូមិសាស្ត្រ មួយចំនួននៃបណ្តាខេត្តមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖