សូមប្រុងប្រយ័ត្ន! ០៨ ខេត្តនៅកម្ពុជា អាចទទួលរងនូវជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩
ក្រសួងធនធានទឹក នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ឱ្យបានដឹងថា ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅ ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ចំពោះលក្ខណៈបែបនេះ នឹងធ្វើឱ្យ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ នៅកម្ពុជា ក្នុង កម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២។
ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួន ដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និង ច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀង សារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖