រំភើបណាស់! ក្មេងស្រីរៀនតាមស្តុបជាមួយឪពុក ត្រូវគ្រូពេទ្រ ហ៊ាង រតនា រកឃើញ និងផ្គត់ផ្គង់ឱ្យរៀនសាលាល្អហើយ
វេជ្ជបណ្ឌិត ហ៊ាង រតនា ដែលគេស្គាល់ថាជាគ្រូពេទ្យឯកទេសកុមារមួយរូប ថ្មីៗនេះលោកបានប្រកាសស្វែងរកក្មេងស្រីម្នាក់ដែលអង្គុយរៀនជាមួយឪពុកនៅតាមស្តុប ដែលទទួលបានការលើកសរសើរពីសំណាក់មហាជនជាច្រើន។
ក្រោយពីការប្រកាសបែបនេះ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ តាមរយៈគណនី វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ឱ្យបានដឹងថា ពេលនេះលោកបានជួបក្មេងស្រីឈ្មោះ រីម ហើយ ហើយគេពិតជាឆ្លាតមែន និង ចេះតាមឪពុកគេបានបង្រៀនប៉ុណ្ណោះ ខណៈឪពុករបស់ក្មេងស្រីរូបនេះ បានរៀនត្រឹមថ្នាក់កុមារដ្ឋានពីជំនាន់ដើម។ ដូច្នេះបើក្មេងស្រីបានរៀនជាមួយគ្រូពូកែៗ គ្រូខ្លាំងៗ នឹងចេះច្រើនលឿន។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ពីដំណោះស្រាយក្នុងការជួយផ្គត់ផ្គង់ក្មេងស្រីបែបនេះថា ៖ «ពីដំបូង ខ្ញុំគិតថាចង់ឱ្យគាត់នៅជាមួយ ព្រោះខ្ញុំមានម៉ែដោះជួយមើលថែគាត់ ហើយឱ្យគាត់រៀននៅសាលាវេស្ទើន តែដោយសារឪពុកគាត់ចង់ចិញ្ចឹមគាត់ដោយផ្ទាល់ ពួកយើងក៏សម្រេចឱ្យគាត់រៀននៅសាលាសុវណ្ណភូមិនៅតាខ្មៅ ដែលនៅជិតផ្ទះគាត់ ហើយការបង់សាលាខ្ញុំជាអ្នករ៉ាប់រង»។
តាមរយៈជំនួយនេះ លោកវេជ្ជបណ្ឌិតសង្ឃឹមយ៉ាងម៉ុតមាំថា ក្មេងស្រីនឹងក្លាយទៅជាទំពាំងស្នងឫស្សីដ៏ល្អមួយសម្រាប់ប្រទេសយើងនាថ្ងៃខាងមុខ ខណៈប្រទេសនីមួយគឺត្រូវការចាំបាច់ណាស់ នូវអ្នកប្រាជ្ញ អ្នកមានសមត្ថភាព និង មនុស្សអច្ឆរិយៈដើម្បីអភិវឌ្ឍប្រទេសឱ្យបានលឿន៕