ភ្លៀងធ្លាក់ប៉ុន្មានមេ ជន់លិចផ្ទះពលរដ្ឋ នៅសង្កាត់ ៤ ក្នុងក្រុងព្រះសីហនុ
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាបង្ហាញក្ដីភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពជន់លិចផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ បន្ទាប់ពីមានភ្លៀងធ្លាប់ប៉ុន្មានថ្ងៃជាប់គ្នា។
ជាក់ស្ដែង តាមរយៈគណនីមួយដែលមានឈ្មោះ សោម ភ័ក្រត្រា បានបង្ហាញពីរូបភាពទិដ្ឋភាពជាច្រើនសន្លឹក បញ្ជាក់ពីការជន់លិចផ្ទះ និងផ្លូវសាធារណៈ ក្នុងសង្កាត់មួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រមទាំងបញ្ជាក់ថា «គ្រប់ទឹកទៀតហើយ កំពង់សោមថ្ងៃនេះ.! ១១.០៨.២០២២ សង្កាត់ ៤ ក្រុងព្រះសីហនុ»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា នៅចន្លោះថ្ងៃទី ១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឱ្យផ្នែកមួយចំនួន នៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់។ បន្ទាប់ពីនោះ ភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម៕
ខាងក្រោមនេះ ជាទិដ្ឋភាពជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ នេះ ៖