លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ប្រកាសស្វែងរកក្មេងស្រី ដែលអង្គុយរៀនមាត់ផ្លូវ ជួយផ្គត់ផ្គង់ ឱ្យបានរៀនសាលាល្អ
ក្មេងស្រីមួយរូបឈ្មោះ ស្រី រីម មានអាយុខ្ទង់ប្រហែល ០៦ ឆ្នាំ តែងតែត្រូវបានគេឃើញ នៅជាមួយអាណាព្យាបាល ដែលជាអ្នកលក់ដូរផ្លែឈើតាមចិញ្ចើមផ្លូវ អង្គុយសរសេរអក្សរយ៉ាងផ្ចិតផ្ចង់ និងតែងទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជា អ្នកដែលបានជិះកាត់នៅតាមបណ្ដោយវិថី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដោយក្ដីអាណិត និង ស្ញើចសរសើរចំពោះក្ដីតស៊ូ លោកវេជ្ជបណ្ឌិត ហ៊ាង រតនាបានប្រកាសស្វែងរក និងផ្ដល់ជំនួយទៅកាន់ក្មេងស្រី ដោយលោកបានបញ្ជាក់ថា៖ «បងប្អូនដឹងកូននេះនៅទីណាទេ ឬមានលេខទូរស័ព្ទទំនាក់ទំនងគាត់ទេ ខ្ញុំចង់ជួយគាត់ឱ្យចូលរៀនសាលាល្អ ខ្ញុំអ្នកផ្គត់ផ្គង់គាត់»។
គួរឱ្យដឹងផងដែរថា កន្លងមកអាណាព្យាបាលរបស់កុមារី តែងតែអង្គុយនៅស្តុបបូកគោ ឬ ស្តុបផ្សារដើមគរ ក្នុងការប្រកបមុខរបរលក់ដូររបស់ខ្លួន និង ឆ្លៀតបង្រៀនក្មេងតូច។ អាស្រ័យហេតុនេះ សម្រាប់ប្រិយមិត្ត ដែលឆ្លងកាត់បានឃើញ អាចជួយទិញ ឬ ជូនលុយ និងសៀវភៅនិទានកុមារជាភាសាខ្មែរជាដើម ព្រោះក្មេងស្រីរូបនេះ ចេះប្រកបអាន និង ស្រឡាញ់ចូលចិត្តការសិក្សាណាស់៕