ត្រៀមៗ! កម្មវិធីដកពិន្ទុបណ្ណបើកបរ នឹងអនុវត្តសាកល្បងដើមខែក្រោយនេះហើយ!
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើការ នូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យ អន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស។
ក្នុងនោះ ខាងគណៈកម្មាធិការ បានបញ្ជាក់ឱ្យដឹងថា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជា ការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ ប្រាក់ពិន័យ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដំណឹងដូចតទៅ៖
១. កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្ត សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣។
២. ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរ យានយន្តគ្រប់រូប យកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៣ .ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាម បញ្ជរទ្រូម៉ាន់នី ឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney. Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖