វីរសិល្បករជើងចាស់ ៤ រូប លើកទឹកចិត្តឱ្យកូនខ្មែរជំនាន់ក្រោយ ជួយផលិតកម្មវិធីសិល្បៈបុរាណខ្មែរឱ្យបានច្រើន
ការគាំទ្រ ស្រឡាញ់ទៅលើវិស័យសិល្បៈបុរាណ ជារឿងសំខាន់ណាស់សម្រាប់កុលបុត្រខ្មែរគ្រប់រូប ហើយការស្រឡាញ់គាំទ្រនេះមិនគួរបានតែត្រឹមនិយាយទេ គឺការចូលរួមធ្វើសកម្មភាពដោយផ្ទាល់ មានអភិរក្ស និង អភិវឌ្ឍដោយចេញពីក្រអៅបេះដូង ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ការផលិតកម្មវិធីសិល្បៈបុរាណ ការរៀបចំមហោស្រព ការស្វែងយល់ពីតម្លៃពិតនៃវប្បធម៌សិល្បៈបុរាណ ជាដើម។
នៅក្នុងកិច្ចសម្ភាសមួយរវាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយវីរសិល្បករ ៤ រូប ដែលជាព្រឹទ្ធាចារ្យចាស់ទុំលើផ្នែកសិល្បៈបុរាណ លោកទាំងបួនបានលើកឡើងស្រដៀងគ្នាទាក់ទិនទៅនឹងការជំរុញឱ្យផលិតកម្មវិធីសិល្បៈបុរាណ។ ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថា ៖ «កម្មវិធីប្រកួត ឬ មហោស្រពប្រៀបបីដូចជាសាលារៀន ដើម្បីជាគម្រូ ណែនាំឱ្យក្រុមសិល្បៈទាំងអស់ជ្រួតជ្រាបនូវបច្ចេកទេសលម្អិតតទៅទៀត ដើម្បីឱ្យឃើញតម្លៃពិតនូវរបាំក្បាច់បុរាណនេះ។ បើយុវជនគាំទ្រ ហើយនាំគ្នាធ្វើចលនា មានពីរគឺចូលរួមនឹងគាំទ្រ នោះព្រលឹងជាតិ អត្តសញ្ញាណជាតិអត់ស្លាប់ទេ»។
រីឯលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី បានមានអនុសាសន៍ថា ៖ «ការបង្កើតកម្មវិធីសិល្បៈបុរាណ ជាការមួយដែលល្អត្រឹមត្រូវ ដែលធ្វើឲ្យយុវជនខ្មែរយើងមានគំនិតផ្ដួចផ្ដើម ច្នៃប្រឌិតធ្វើឲ្យរស់ឡើងវិញនូវទម្រង់ល្ខោនខ្មែរ ដែលជាមរតករបស់វប្បធម៌ជាតិយើង ដ្បិតបច្ចុប្បន្នមានទម្រង់មួយចំនួនដែលផុយស្រួយ ងាយនឹងបាត់បង់»។ លោកជំទាវបានបន្តថា ៖ «សូមមេត្តាយុវវ័យ ការស្រឡាញ់គាំទ្រពិតមែនហើយ តែសូមថែរក្សានូវទម្រង់ដើម ច្នៃប្រឌិត អភិវឌ្ឍទម្រង់ថ្មី ហើយចំពោះទម្រង់ដើម សូមកុំបំផ្លើសបំភ្លៃ កែកាឡៃ កាលណាធ្វើអ៊ីចឹង យើងបាត់អត្តសញ្ញាណ និង ពុំគប្បីជាមួយបុព្វបុរស ខាងប្រាជ្ញព្រឹទ្ធបណ្ឌិតសិល្បៈ»។
ចំពោះលោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន បានមានប្រសាសន៍ថា ៖ «ការផលិត និង ផ្សព្វផ្សាយកម្មវិធីសិល្បៈបែបបុរាណតាមទូរទស្សន៍នេះ គឺជាការល្អណាស់ ព្រោះរបាំបុរាណនេះ នៅលើពិភពលោកនេះ គេទទួលស្គាល់ ហើយផ្សព្វផ្សាយនេះធ្វើឲ្យកូនខ្មែរស្គាល់ពីក្បាច់របាំ ដ្បិតសព្វថ្ងៃ ការផ្សព្វផ្សាយពីសិល្បៈសម័យតាមទូរទស្សន៍ មានច្រើនជាងបុរាណ។ ព្រឹទ្ធាចារ្យរូបនេះបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការចាប់អារម្មណ៍របស់យុវជនទៅលើវប្បធម៌បុរាណមានច្រើន ជាក់ស្ដែងតាមរយៈល្ខោនបុរាណរឿងព្រះអនរុទ្ធ ព្រះនាងឱស្សា ក្មេងៗមានការភ្ញាក់ផ្អើល ទៅទិញសំបុត្រ ចង់មើល ចង់ដឹង។ អ្នកគ្រូមានការអបអរសាទរដែរ ដែលឃើញយុវជនជំនាន់ក្រោយជួយលើកតម្លៃសិល្បៈរបាំក្បាច់បុរាណ»។
ចំណែកឯលោកស្រីសាស្ត្រាចារ្យ សំ សត្យា បានលើកឡើងថា ៖ «កម្មវិធីប្រឡងសិល្បៈបុរាណ ជាវេទិកាមួយសម្រាប់រៀនសូត្រ ហើយយើងចែកបទពិសោធរវាងយុវជនម្នាក់ និង យុវជនម្នាក់ នោះហើយធ្វើឱ្យវប្បធម៌កាន់តែរីកដុះដាល ព្រោះយើងចង់អភិរក្ស ហើយក៏អភិវឌ្ឍពីរហ្នឹងដើរទន្ទឹមគ្នា ហើយកាលណាយុវជនយើងស្វែងយល់ពីវប្បធម៌យើងបានច្រើន ធ្វើឲ្យយើងមានធនធានរឹតតែច្រើន ជាអ្នកបន្តវេនពីគ្រូចាស់ៗ។ ជាចុងក្រោយ លោកស្រីក៏សំណូមពរឱ្យប្អូនៗ យុវជនជំនាន់ក្រោយចូលរួមគ្រប់កម្មវិធីវប្បធម៌ សិល្បៈបុរាណឲ្យបានច្រើន ដើម្បីឱ្យវប្បធម៌យើងកាន់តែរីកដុះដាលទៅមុខទៀត»។