ស្រឡាញ់ពេក បុរសម្នាក់ដេកឱបសពប្រពន្ធជាង ២០ ឆ្នាំ ទម្រាំដាច់ចិត្តយកទៅបូជា
បុរសវ័យ ៧២ ឆ្នាំម្នាក់នៅប្រទេសថៃ បានបង្កការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម ក្រោយរូបលោក បានរស់នៅជាមួយសាកសពភរិយាលោកក្នុងផ្ទះរយៈពេល ២១ ឆ្នាំ ដោយសារតែក្ដីស្រឡាញ់ចំពោះប្រពន្ធធំធេង និង មិនអាចធ្វើចិត្តបែកគ្នាបាន។
ទោះជាយ៉ាងណា ថ្មីៗនេះ លោកតា ក៏សម្រេចចិត្តដោះលែងភរិយាសំណព្វ និង បានធ្វើការបូជាតាមសាសនាប្រពៃណី មុនទទួលយកធាតុរបស់នាងមករក្សាទុកក្នុងផ្ទះជំនួសសពវិញ។
ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ លោកតាបានទាក់ទងទៅខាងសមាគមមួយ ដើម្បីឱ្យជួយរៀបចំពិធីបូជាដ៏សមរម្យមួយសម្រាប់ភរិយាលោក ដែលបានមរណកាលទៅតាំងពីឆ្នាំ ២០០១ មកម្ល៉េះ។ ភ្លាមៗ ខាងបុគ្គលិកនៃសមាគម ក៏បានទៅផ្ទះលោកតា ហើយក៏ប្រទះឃើញសពប្រពន្ធលោកក្នុងផ្ទះដ៏តូចមួយនោះ។
អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្ត និង ចាត់ទុកលោកតាជាបុរសម្នាក់ស្មោះស្ម័គ្រនឹងស្នេហាខ្លាំងជាងគេនោះគឺ នៅពេលដែលខាងបុគ្គលិកលើកសពចេញពីផ្ទះ លោកតាក៏បាននិយាយលាយឡំទឹកភ្នែកថា ៖ «បងនៅនឹកអូនរាល់នាទី ហើយក្ដីស្រឡាញ់បងចំពោះអូនគឺមិនផ្លាស់ប្ដូរឡើយ»។
តាមសម្ដីលោកតាជាស្វាមី បានឱ្យដឹងដែរថា ដំបូងឡើយ លោកតាគឺចង់រស់នៅឱបក្រសោបសពប្រពន្ធរហូតដល់ថ្ងៃស្លាប់ ប៉ុន្តែក្រោយមក លោកតាក៏ចាប់ផ្ដើមគិតដឹងថា បើធ្វើបែបនេះ នឹងមិនមាននរណាធ្វើពិធីបុណ្យសពដ៏សមរម្យមួយឱ្យភរិយាលោកតាឡើយ ដូច្នេះលោកតាក៏សម្រេចចិត្តធ្វើការបូជានេះតែម្ដង៕