នៅឥណ្ឌាក្ដៅសឹងខ្លោច មានសីតុណ្ហភាព ៤៤ អង្សាសេ ឯប៉ាគីស្ថានអាចនឹងឡើងដល់ ៥០ អង្សាសេ
ប្រទេសឥណ្ឌានាពេលនេះ កំពុងរងសីតុណ្ហភាពក្ដៅខ្លាំងកើនរហូតដល់ ៤៤ អង្សាសេ ដែលបណ្ដាលឱ្យខាងនាយកដ្ឋានឧតុនិយម ដាក់ចេញការព្រមានកម្រិតពណ៌លឿងក្នុងក្រុង Delhi ដោយបញ្ជាក់ថា រលកកម្ដៅអាចបង្កជាការព្រួយបារម្ភចំពោះសុខភាពសម្រាប់អ្នកដែលមានសុខភាពទន់ខ្សោយ។
រដ្ឋាភិបាលប្រទេសឥណ្ឌា បានដាក់ការព្រមានថា រលកកម្ដៅដែលកំពុងប៉ះពាល់ខ្លាំងលើប្រទេសអាស៊ីខាងត្បូង គឺមានតែកាន់តែអាក្រក់ទៅៗ ដោយកម្ដៅរំពឹងទុកថានឹងឡើងដល់ ៥០ អង្សាសេក្នុងក្រុង Jacobabad ប្រទេសប៉ាគីស្ថាន។
ថ្លែងក្នុងសន្នីសីទកាសែតតាមអនឡាញ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា ៖«សីតុណ្ហភាពគឺបន្តកើនឡើងក្នុងប្រទេស ហើយកើនឡើងខ្លាំងជាងធម្មតា»។
ការកើនឡើងនៃកម្ដៅនេះ ធ្វើឱ្យការប្រើប្រាស់អគ្គិសនីក៏កើនឡើងខ្លាំង ដែលបង្កជាការព្រួយបារម្ភនៃកង្វះខាតថាមពលប្រើប្រាស់នៅថ្ងៃខាងមុខ បើទោះបីជាខាងក្រសួងរ៉ែ និង ថាមពល ចេញសារប្រកាសជាសាធារណៈ ប្រាប់ពលរដ្ឋកុំឱ្យទាន់ភ័យស្លន់ស្លោ ព្រោះប្រទេសមានស្តុកធ្យូងថ្មគ្រប់គ្រាន់ក៏ដោយ៕
ប្រភព៖ Independent