ពុ-ទ្ធោ! ព្រោះចង់រកកំណប់ឃើញ ឪពុកបង្កើតព្យាយាមយកកូនស្រីទៅកប់ទាំងរស់បូជាយញ្ញជូនព្រះ
មនុស្សចំនួន ៩ នាក់ ត្រូវបានឃាត់ខ្លួន ក្រោយព្យាយាមសម្លាប់ក្មេងស្រីវ័យ ១៨ ឆ្នាំម្នាក់ ដើម្បីធ្វើការបូជាក្នុងជំនឿថា នឹងជួយឱ្យរកឃើញកំណប់ទ្រព្យក្នុងស្រុក Yavatmal រដ្ឋ Maharashtra ប្រទេសឥណ្ឌា នេះបើតាមការបញ្ជាក់របស់ប៉ូលិស នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។
តាមប៉ូលិសបានឱ្យដឹងទៀតថា ក្នុងចំណោមជនជាប់ចោទទាំង ៩ នាក់ មានម្នាក់ជាឪពុកក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះ គឺជាកូនច្បងក្នុងចំណោមកូន ២ នាក់។ ជាធម្មតាក្មេងស្រីរូបនោះ គឺតែងតែស្នាក់នៅផ្ទះសាច់ញាតិដើម្បីរៀនសូត្រ ប៉ុន្តែថ្មីៗនេះនាងបានត្រឡប់ទៅផ្ទះរបស់នាងនៅភូមិ Madni វិញ។
មន្ត្រីប៉ូលិសបានបន្តទៀតថា ជនជាប់ចោទ បានចាប់ផ្ដើមធ្វើពិធីសាសនា Tantrik នៅក្នុងផ្ទះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយថែមទាំងបានជីករណ្ដៅក្នុងផ្ទះត្រៀមសម្រាប់កប់កូនស្រីរបស់ខ្លួនថែមទៀត។
ទោះជាយ៉ាងណា ជាសំណាងល្អ ក្មេងស្រីរងគ្រោះអាចព្យាយាមផ្ដល់ដំណឹងទៅមិត្តរបស់នាងពីពិធីបូជាយញ្ញនោះ ហើយពួកគេក៏បានទាក់ទងទៅប៉ូលិសឱ្យមកជួយទាន់ពេលវេលា៕
ប្រភព៖ NDTV