ថ្មីៗនេះ គ្រូពេទ្យមួយរូប ដែលមានផេកឈ្មោះ វេជ្ជ. ហ៊ាង រតនា បានចែករំលែកឱ្យបានដឹងថា ជាមធ្យម ក្មេងក្រោមអាយុ ៥ ឆ្នាំ ឈឺ (ផ្តាសាយ ក្អក រលាកបំពង់ករ) មួយឆ្នាំ ៨ ដង (បើថែទាំក្មេងបានល្អឈឺតិចជាងហ្នឹងទៅ បើថែមិនបានល្អអាចលើសហ្នឹង) បូករួមនឹងជំងឺផ្សេងៗជាច្រើនទៀត មានដូចជា គ្រុនឈាម រលាកពោះវៀន ពុលអាហារ ពងបែក អ៊ុតស្វាយ ដោយឃើញម្តាយខ្លះ បន្ទោសខ្លួនឯង ពេលខ្លះដល់ថ្នាក់ចង់មានជំងឺផ្លូវចិត្ត បាក់ទឹកចិត្តដោយសារកូនឈឺញឹកពេក។
ចំពោះបញ្ហានេះ គ្រូពេទ្យ បានណែនាំថា កុំឱ្យដាក់សម្ពាធខ្លួនឯងខ្លាំងពេក ខណៈកូនក្មេងឈឺជារឿងធម្មតាទេ សំខាន់ត្រូវប្រឹងថែឱ្យអស់លទ្ធភាព លទ្ធផលយ៉ាងណា ត្រូវទទួលយកកុំឱ្យតែយើងធ្វេសប្រហែស។
អ្វីដែលកាន់តែពិសេសទៀតនោះ គ្រូពេទ្យខាងលើ បានបញ្ជាក់ថា ដើម្បីកុំឱ្យក្មេងៗឈឺញឹកញាប់ ត្រូវអនុវត្តន៍រឿង ៣ យ៉ាងនេះ៖
១. កត្តាចំណីអាហារ ត្រូវបរិភោគអាហារដែលមានជីវជាតិសារធាតុចិញ្ចឹមគ្រប់គ្រាន់។
២. កត្តាអនាម័យ ត្រូវថែរក្សាអនាម័យឱ្យបានស្អាត ហូបស្អាត ផឹកស្អាត រស់នៅស្អាត
៣. កត្តារួមផ្សំផ្សេងៗ ដូចជា ត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ជាពិសេសវ៉ាក់សាំងថ្នាក់ជាតិ បើមានលទ្ធភាពអាចបន្ថែមវ៉ាក់សាំងក្រៅពីវ៉ាក់សាំងថ្នាក់ជាតិបានកាន់តែល្អ។ ផ្តល់ក្តីសុខផ្នែកផ្លូវចិត្ត ភាពកក់ក្តៅឱ្យកូនឱ្យបានគ្រប់គ្រាន់ បើក្មេងធំអាចឱ្យលេងកីឡាឱ្យបានច្រើន (បើកាលជំនាន់មុន មានលោតកៅស៊ូលេងអ៊ូ លេងរត់ដេញចាប់ លេងបិទពួន វាសុទ្ធសឹងតែជាល្បែងកម្សាន្តប្រភេទកីឡាដែលដូនតាយល់ថាមានប្រយោជន៍សម្រាប់សុខភាព សម័យឥឡូវក្មេងៗលេងតែទូរស័ព្ទទេ)៕