ធនាគារពិភពលោកប៉ាន់ប្រមាណថា ការខូចខាតរបស់អ៊ុយក្រែនមកទល់ពេលនេះ គឺប្រហែល ៦០ ពាន់លានដុល្លារហើយ
ប្រធានធនាគារពិភពលោក លោក David Malpass មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ នេះថា៖« ការខូចខាតអគារ និង ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន ពីការលុកលុយរបស់រុស្ស៊ី បានកើនឡើងដល់ប្រហែល ៦០ ពាន់លានដុល្លារហើយ ខណៈដែលសង្គ្រាមនៅតែបន្តកើតឡើងមិនឈប់ឈរនៅឡើយ»។
លោក Malpass ក៏បានបន្តទៀតថា៖ «ពិតណាស់សង្រ្គាមនៅតែបន្តកើតមានឡើង ដូច្នេះការចំណាយក៏ប្រាកដថានឹងត្រូវកើនឡើងបន្ថែមទៀតដែរ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក៏បានថ្លែងនៅក្នុងសុន្ទរកថាមួយថា៖ «លោកក៏បានបញ្ជាក់អំពីការចំណាយទឹកប្រាក់យ៉ាងធំ និង តម្រូវការហិរញ្ញវត្ថុ»។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានប្រាប់អ្នកចូលរួមដោយបានបកស្រាយថា៖ «អ៊ុយក្រែនត្រូវការប្រាក់ ៧ ពាន់លានដុល្លារក្នុងមួយខែដើម្បីស្តារសេដ្ឋកិច្ច និង កសាងអ្វីៗឡើងវិញ បន្តាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់លោក»៕
ប្រភព៖ Reuters