រឿងក្តី Tangmo ជិតបិទហើយ ស្រាប់តែមានមេធាវីម្នាក់ ចេញមកទម្លាយភស្តុតាងថា នេះគឺជារឿងឃាតកម្ម
រឿងរ៉ាវក្តីការស្លាប់ដ៏មិននឹកស្មានរបស់តារាស្រី Tangmo ត្រូវបានអូសបន្លាយមកអស់រយៈពេលជិត ២ ខែទៅហើយ ដែលមិនទាន់មានខាងពាក់ព័ន្ធណាអាចរកយុត្តិធម៌ការពិតឃើញនៅឡើយនោះទេ ហើយខាងប៉ូលិសក៏បែរជាត្រៀមបិទរឿងក្តីនេះ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ខាងមុននេះទៀត។
យ៉ាងណាមិញ ខណៈថ្ងៃបិទក្តីខិតជិតមកដល់ ស្រាប់តែនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក៏មានមេធាវីម្នាក់បានចេញមុខថ្លែងព័ត៌មានទម្លាយភស្តុតាងទាក់ទងនឹងរឿងក្តី Tangmo នេះ ព្រមទាំងបញ្ជាក់ៗច្បាស់ៗថានេះជារឿងឃាតកម្ម ដែលកើតពីការស្រវឹង និង មានអារម្មណ៍ផ្លូវភេទ មិនមែនជាឧប្បទ្ទវហេតុនោះទេ។
ក្នុងនោះ មេធាវីរូបនេះ បានឱ្យដឹងថា មានខាងមន្រ្តីពាក់ព័ន្ធបានលក់លទ្ធផលព័ត៌មាននៃការស៊ើបពិតឱ្យទៅខាងក្រៅ ហើយមានអ្នកបានយកវាទៅសិក្សាដើម្បីប្រឌិតភស្តុតាងថ្មីឱ្យត្រូវនឹងមនុស្សទាំង ៥ នាក់នៅលើទូក ហើយជាពិសេសគឺឱ្យ Sand ជាអ្នកផ្តល់ព័ត៌មានមិនពិតទាំងនោះទៅសាធារណៈវិញ។
លើសពីនេះទៅទៀត មេធាវីនោះ ក៏បានបង្ហាញជាច្រើនផងដែរ ជាពិសេសទាក់ទងនឹងរឿងសរសៃសក់ លោកបានឱ្យដឹងថា ហេតុអ្វីបានជាមានការទៅយកភស្តុតាងនៅលើទូកពីរដងមិនប្រទះសរសៃសក់ ទើបមកប្រទះលើកទី ៣ ? ហើយហេតុអ្វីបានជាសរសៃសក់ភាគច្រើនប្រទះនៅតែចុងទូក ទាំងដែលក្នុងភស្តុតាងកាមេរ៉ាសុវត្ថិភាពបង្ហាញថា Tangmo ក៏បានសិតសក់លើទូកដែរ? ហើយម្នាក់ផ្សេងៗ ជាពិសេស Gatick ក៏បានសិតដូចគ្នា តែហេតុអ្វីមិនឃើញសក់នាង?។
បន្ថែមពីនេះទៀត លោកបានឱ្យដឹងទៀតថា Tangmo គឺធ្លាក់នៅក្បាលទូក មិនមែនចុងទូកនោះទេ លោកនៅមានភស្តុតាងពីច្បាប់ទៀត។ ហើយបើតាមកាមេរ៉ាសុវត្ថិភាពកន្លងមក បានបង្ហាញថា Sand អង្គុយនៅចុងទូកនាវេលាម៉ោង ១០ និង ៣២ នាទី តែតាមពិតគឺនាងអង្គុយនៅម៉ោង ១០ និង ៦ នាទីទៅវិញទេ។ យ៉ាងណាមិញ មើលទៅរឿងក្តីនេះនឹងមិនត្រូវបញ្ចប់ទៅដោយងាយៗនោះទេ ហើយមហាជនទាំងឡាយ ក៏ចាំមើលទៀតដែរថា មេធាវីរូបនេះនឹងរកយុត្តិធម៌ឱ្យ Tangmo បានឬយ៉ាងណានោះ៕