អីយ៉ាស់! Elon Musk ទម្លាយតម្លៃសំបុត្រសម្រាប់អ្នកចង់ទិញជិះទៅរស់នៅភពអង្គារ
មហាសេដ្ឋីពិភពលោក Elon Musk បាននិយាយថា លោកនឹងធ្វើការបញ្ជូន យាន្តអវកាសរាប់ពាន់គ្រឿង ដើម្បីឱ្យក្ដីស្រមៃក្នុងការបង្កើតអាណានិគមមួយជារបស់ខ្លួនឯងនៅលើភពអង្គារ ហើយលោកថែមទាំងនិយាយទៀតថា តម្លៃសំបុត្រទៅកាន់ទីនោះ គឺអាចដាក់លក់ក្នុងតម្លៃ ១០ ម៉ឺនដុល្លារ។
សហគ្រិនក្រុមហ៊ុន SpaceX រូបនេះ បានប៉ាន់ស្មានថា លោកនឹងត្រូវការតំបន់ដែលមានមនុស្សរាប់លាននាក់ ឬក៏ទីក្រុងភពអង្គារមួយជារបស់ខ្លួនឯង ដោយលោកក៏ដឹងហើយថា មានមនុស្សភាគរយតិចតួចណាស់ ដែលចង់ទៅរស់នៅភពក្រហមមួយនេះ។
ទោះជាយ៉ាងណា លោកក៏បានលើកឡើងដែរថា ប្រសិនបើតម្លៃសំបុត្រត្រឹម ១០ ម៉ឺនដុល្លារនោះ ដូចនេះ មនុស្សសឹងតែគ្រប់គ្នា គឺអាចធ្វើការ និង សន្សំប្រាក់សម្រាប់ទិញវាបាន។
គួរឱ្យដឹងថា មហាសេដ្ឋី Elon Musk នឹងចង់ចាប់ផ្ដើមបង្កើតអាណានិគមនៅលើភពអង្គារក្នុងឆ្នាំ ២០៥០ ខាងមុខ៕
ប្រភព៖ Daily Star