ចូលឆ្នាំថ្មីនេះ! ប្រុស-ស្រី កើតឆ្នាំរកា បើធ្វើរឿងទាំងនេះបាន នឹងជោគជ័យក្នុងជីវិត
ទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ទ្រង់បានយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក កាលពីថ្ងៃ ១៤ មេសា គ្រិស្តសករាជ ២០២២ កន្លងទៅ ដែលទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីជោគជតារាសីប្រចាំឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំរកា ដូចខាងក្រោម ៖
– បើជាមនុស្សប្រុស ឆ្នាំរកា ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភ មុខជានឹងមានដល់លោកអ្នកហើយ។ បើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្ដិឬចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះ ទៅនិន្ទាឱ្យអ្នកឯនោះឮ ឬ ដឹង បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះ នោះអ្នកបានដោះស្រាយពីការបែកបាក់ រវាងមេត្រីភាព។
– បើជាមនុស្សស្រី ឆ្នាំរកា ទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និង ប្រឹងរម្ងាប់ចិត្តទប់ទល់ និង អធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្ត ធ្វើការងារឬកិច្ចការយ៉ាងណាៗ ដោយសេចក្តីឧស្សាហ៍ ស្វាហាប់ និង អង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណេះ៕