គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ នេះ គឺសល់ពេលវេលាត្រឹមតែ ០២ ថ្ងៃតែប៉ុណ្ណោះ នឹងចូលមកដល់ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ២៥៦៦។
ទន្ទឹមទៅនឹង ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលកៀកខិតជិតមកដល់ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហការ និង រដ្ឋបាលខេត្ត រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរួចរាល់ហើយ ត្រៀមសម្រាប់ថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ ២០២២ ដែលមានទីតាំងធំៗចំនួន ២។
សូមបញ្ជាក់ផងដែរថា ទីតាំងទាំងពីរមានកម្មវិធីដូចខាងក្រោម ៖
-ក្នុងក្រុងមាន ៖ កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក ការប្រណាំងទូក ការប្រកួតកីឡាប្រដាល់ បណ្តែតគោម និងការប្រគុំតន្រ្តីខ្នាតយក្សបីកន្លែង និង ការប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត ២០២២។
-ប្រាសាទចៅសាយទេវតាមានពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ភូមិខ្ញុំ លេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និង ស្រង់ព្រះ៕