ដឹងតែសប្បាយហើយ! ស្អែកនេះនៅកំពង់ស្ពឺ មានប្រណាំងរទេះសាឡីគោលឿន នៅទីតាំងមួយនេះ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។
ទន្ទឹមទៅនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកៀកខិតជិតមកដល់នេះ បើយើងក្រឡេកទៅមើលទឹកដីខេត្តកំពង់ស្ពឺវិញ ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និង សមាគមគោខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ នៅទីលានប្រណាំង ស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គួរឱ្យដឹងផងដែរថា កន្លងមកការរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿននេះ ត្រូវបានខកខានប្រារព្ធអស់រយៈពេល ០២ ឆ្នាំមកហើយ ដោយសារតែបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ដូច្នេះហើយ ដើម្បីជាកិច្ចអបអរក្នុងការប្រារព្ធឡើងវិញនូវកម្មវិធីនេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្តដោយរីករាយ និង អនុវត្តន៍នូវវិធានការនានាដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ និង បង្ការការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
ប្រភព ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ