អីយ៉ាស់! «ជីពេជ្រ» កូនដំរីទើបកើត មានមេជាដំរីស្រុក បាជាដំរីព្រៃ មានប្រវត្តិស្នេហ៍គួរឱ្យចាប់អារម្មណ៍
ជារឿងដ៏គួរឱ្យរំភើបចិត្ត និង ចាប់អារម្មណ៍បំផុត កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី មានអាយុ ៣៥ ឆ្នាំ ឈ្មោះជីប៉ាល់ បានផ្ដល់កំណើតដល់កូនដំរីតូចមួយក្បាលឈ្មោះនាង «ជីពេជ្រ» បង្កជាភាពភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាដំរីញីនេះមានផ្ទៃពោះឡើយ។
ដោយឡែក បើក្រឡេកទៅមើលរឿងរ៉ាវកាលពី ២ ឆ្នាំមុន មុនពេលដំរីនេះកើត បើតាមការបញ្ជាក់ពីកញ្ញា Jemma Bullock ប្រធានអង្គការ ELIE បានឱ្យដឹងថា «អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាល បានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំងអភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ទៅក្នុងព្រៃជាមួយរយៈពេល ២ សប្តាហ៍ ដែលជាលទ្ធផលធ្វើឱ្យនាង (ជីប៉ាល់) មានផ្ទៃពោះដោយមិនបានព្រៀងទុក»។
កញ្ញាបានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់ បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ ខណៈដំរីញីជីប៉ាល់ បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខ ភាពល្អ។
បន្ថែមលើសពីនេះ ចំពោះរឿងរ៉ាវស្នេហា រវាងដំរីព្រៃ ដំរីស្រុកទាំង ២ បើតាម លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងថា កូនដំរីជីពេជ្រ គឺជាកូនដំរីព្រៃញី ០១ ក្បាល ដែលកើតចេញពីសេចក្តីស្នេហារវាងដំរីព្រៃឈ្មោល និងដំរីស្រុកញីឈ្មោះ ជីប៉ាល់ កាលពីអំឡុងថ្ងៃទី ២២ មេសា ឆ្នាំ ២០២០ និងបានត្រឡប់មកវិញ ២ សបា្តហ៍ក្រោយមក។ ជីពេជ្រ នាងកើតនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ដែលអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបងប្អូនជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំរង់ចាំអស់រយ:ពេល ២៣ ខែ ៣ ថ្ងៃដែលជីពេជ្រ បានប្រសូត្រចេញមកជាកូនដំរីញី ១ ក្បាលដែលមានឪពុកជាដំរីព្រៃ និងម្តាយជាដំរីស្រុក៕
ប្រភព ៖ Neth Pheaktra