រកផ្លូវវាងទុកផង! ថ្ងៃទី ២១ កំណាត់ផ្លូវទាំងនេះនៅភ្នំពេញ នឹងត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ។
ក្នុងនោះរដ្ឋបាលរាជធានី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឱ្យបានដឹងថា ចាប់ពីម៉ោង ០៥:០០ នាទី នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ក្រសួងសុខាភិបាល និង មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នឹងរៀបចំពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដែលស្ថិតនៅភូមិ ១២ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និង ផ្អាកចរាចរជាបណ្ដោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ចាប់ពីស្ពានអាកាស ៧ មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និង កំណាត់ផ្លូវលេខ ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ ១៨២)។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖