ឈប់យល់ច្រឡំ! ផ្ការីកស្គុះស្គាយនៅមាត់ទន្លេ មិនមែនជាសាគូរ៉ាទេ តែជាផ្កាមានឈ្មោះខ្មែរ ពីរោះណាស់
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមហាជននៅក្នុងបណ្ដាញសង្គម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ដងមាត់ទន្លេ នៅរាជធានីភ្នំពេញ នាំគ្នាចាប់អារម្មណ៍សម្រស់ផ្ការីកស្គុះស្គាយ តាមមាត់ទន្លេ ដោយភាគច្រើនត្រូវបានគេយល់ច្រឡំថា ជាផ្កាសាគូរ៉ា ដែលមានពូជនៅឯប្រទេសជប៉ុន។
ទាក់ទិនទៅនឹងការហៅឈ្មោះបែបនេះ បើតាមការបញ្ជាក់ពីផេក ជីវៈចម្រុះនៃប្រទេសកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា ផ្កានៅទីតាំងខាងលើ គឺមានឈ្មោះខ្មែរថា ជម្ពូរទេព ឬ ជម្ពូរទេព ១ ពាន់ មានឈ្មោះសាមញ្ញថា ធម្មៈបូជា និង មានឈ្មោះវិទ្យាសាស្ត្រថា Tabebuia rosea ( Bertol.) DC ស្ថិតក្នុងអំបូរ Bignoniaceae។
បើតាមការបញ្ជាក់ ពីប្រភពខាងលើ បានឱ្យដឹងថា ជម្ពូរទេព ជាឈ្មោះដើម តែសព្វថ្ងៃគេច្រើនហៅច្រឡំថា សាគូរ៉ា ដោយសារតែសណ្ឋាន និង ពណ៌របស់ផ្កា មានលក្ខណៈស្រដៀងទៅនឹង ផ្កាសាគូរ៉ា និង ពុំមានអ្នកស្រាវជ្រាវពីវាឱ្យបានច្បាស់លាស់ ទើបគេច្រើនហៅច្រឡំបែបនេះ។ ជាក់ស្ដែង សាគូរ៉ា ជារុក្ខជាតិដែលដុះនៅស្រុកជប៉ុន ដូច្នេះហើយវាពុំអាចរស់នៅក្នុងអាកាសធាតុមួយផ្សេងទៀតបាននោះទេ ព្រោះនៅកម្ពុជាយើងមានអាកាសធាតុខុសពីនៅស្រុកជប៉ុន។
គួរឱ្យដឹងផងដែរថា ជម្ពូរទេព មានកម្ពស់ដើមជាមធ្យម ១៥ – ២៥ ម សម្បកគឺរលោងមានពណ៌ប្រផេះ ឬ ពណ៌ត្នោត នៅពេលចាស់ សម្បកឈើប្រេះជាចង្អូរៗ មែកមានសណ្ឋានផុយ ងាយបែក ស្លឹកលូតចេញមានលក្ខណៈដូចម្រាមដៃ មាន ៤ ទៅ ៥ សន្លឹកក្នុងមួយមែក មានប្រវែងប្រហែល ៥ – ៣០ សង់ទីម៉ែត្រ។
ដោយឡែក ផ្កាវាមានពណ៌ផ្កាឈូកស្រាល និង មានពណ៌ស នៅចុងស្រទាប់កណ្តាលត្របកមានពណ៌លឿង បាច់ផ្កាដុះចេញនៅចុងមែក ផ្កាមានច្រើនពណ៌ គល់ផ្កាភ្ជាប់គ្នាជាបំពង់ នៅខាងចុងបែកជា ៥ ទង រាងដូចត្រែ បណ្តោយ ៥-៧ ស.ម ផ្កាច្រើនរីកក្នុងពេលតែមួយ ងាយធ្លាក់ផ្ការីកពេញទំហំ ៥-៨ សង់ទីម៉ែត្រ៕
ប្រភព ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា