អាជ្ញាធរជាតិអប្សរា មិនគាំទ្រការយកទង់ជាតិខ្មែរ មកច្នៃជាម៉ូដសម្លៀកបំពាក់ឡើយ
អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា ឯកឧត្ដម ឡុង កុសល នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ បានមានប្រសាសន៍ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរ មកច្នៃជាម៉ូដសម្លៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើ ដោយអមជាមួយនូវការច្រៀង និង ភ្លេងជាតិ ពោលគឺទង់ជាតិ គឺជានិមិត្តរូបជាតិ។
ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ ឱ្យដឹងទៀតថា ទង់ជាតិត្រូវបានគោរពដោយស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ជាតិមាតុភូមិ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬ ទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅ គឺជាតិតែងដឹងគុណ និង យកទង់ជាតិ ទៅគ្រងពីលើ ដើម្បីសម្តែងការគោរព និង ដឹងគុណ។ ដូច្នេះ ការយករូបភាពទង់ជាតិ មកធ្វើជាសម្លៀកបំពាក់ គឺមិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរ ទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជា បានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះប្រឡាក់ អ្នកខ្លះ មិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោល ជាដើម។
បន្ថែមលើសពីនេះ អ្នកនាំពាក្យអាជ្ញាធរអប្សរាខាងលើ បានមានប្រសាសន៍ថា ប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និង បេតិកភណ្ឌរបស់មនុស្សជាតិ សូមជួយចូលរួមការពារបរិស្ថាន កុំបោះសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភណ្ឌភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញលក់ដី និង សង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ និង គួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និង ស្ទះផ្លូវ ជាដើម ដែលទង្វើទាំងនេះ ក៏នឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ៕
ប្រភព ៖ អាជ្ញាធរជាតិអប្សរា