![(វីដេអូ) ចូលលួចលុយបុណ្យផ្កាទាំងផើងពីក្នុងវត្ត អស់និយាយពេកលោកលាន់មាត់ថា «ចោរសាហាវជាងខ្មោច!»](https://www.popular.com.kh/wp-content/uploads/2022/02/sr1-57.jpg)
(វីដេអូ) ចូលលួចលុយបុណ្យផ្កាទាំងផើងពីក្នុងវត្ត អស់និយាយពេកលោកលាន់មាត់ថា «ចោរសាហាវជាងខ្មោច!»
ថ្មីៗនេះ ហេតុការណ៍ចោរកម្មមួយ បានធ្វើឱ្យមានការហួសចិត្តភ្ញាក់ផ្អើលជាខ្លាំងទៅមហាជននៅតាមបណ្តាញសង្គម ដោយចោរជើងល្អហ៊ានចូលលួចលុយដោតលើផ្កាមាសផ្កាប្រាក់ទាំងផើង ដល់ក្នុងវិហារវត្តមិនខ្លាចកើតជានរកជាប្រែត រឹតតែមិនខ្លាចខ្នោះច្រវ៉ាក់ទៀត។
ហេតុការណ៍មួយនេះ បានកើតឡើងនៅវត្តមួយកន្លែងនាខេត្តបុរីរ៉ាំប្រទេសថៃ ហើយមិនមែនកើតឡើងតែមួយដងនោះទេ ពោលគឺមួយខែកុម្ភៈពេញនេះ ពួកចោរបានបណ្តាក់គ្នាចូលលួចចំនួន ៣ ដងទៅហើយ ដែលលួចបានលុយក្នុងថង់យាម លុយក្នុងទូរបរិច្ចាគ ព្រមទាំងលុយបុណ្យផ្កាទាំងផើងៗថែមទៀតផង ទាំងដែលពេលខ្លះលោកសឹងនៅនឹងកន្លែងក៏វាហ៊ានចូលមកលួចដែរ។
ក្នុងនោះ សកម្មភាពរបស់ពួកចោរទាំងនេះ ត្រូវបានកាមេរ៉ាក្នុងវត្តចាប់បានទាំងអស់ ហើយយូរៗទៅធ្វើឱ្យព្រះសង្ឃនៅក្នុងវត្តចាប់ផ្តើមបារម្ភពីសុវត្ថិភាពរបស់ព្រះអង្គរហូតដល់ថ្នាក់លាន់មាត់ថា ចោរសាហាវជាងខ្មោចទៀត។
យ៉ាងណាមិញ ដោយសារតែដល់-កពេក មហាជនចំណុះជើងវត្តក៏ប្រមូលលុយគ្នាបន្តិចបន្តួច ផ្តល់ឱ្យអ្នកតាមចាប់ពួកចោរនោះប្រគល់ឱ្យច្បាប់តែម្តង ហើយគេក៏សង្ឃឹមថាមានអ្នកក្របួចបានចោរចិត្តប្រែតបានឆាប់ៗនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖