ផ្អើលមិនខាន! Mrr Heng ល្បីរឿងលុយតុងទីនថ្ងៃមុន គំរាមបង្ហាញមុខអ្នកជំពាក់លុយខ្លួនច្រើននាក់ មិនព្រមសង
កាលពីមួយរយៈមុនប្រិយមិត្តអ្នកតាមដានបណ្ដាញសង្គមប្រាកដជាបានជ្រាបខ្លះៗពីរឿង មេតុងទីនវ័យក្មេងដ៏ល្បីឈ្មោះ Mrr Heng ដែលមានអ្នកលេងហ្វេសប៊ុកមួយចំនួន ក្នុងនោះមានទាំងអ្នកសិល្បៈផង បានបង្ហោះសារប្រកាសរកមុខ ដោយកាលនោះក៏មានការប្រកាសថា មេតុងទីនរូបនេះ បានបោកលុយគេខ្ទង់ ៤០ ម៉ឺន ទៅ ៥០ ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីរឿងរ៉ាវមួយនេះហាក់ស្ងប់ស្ងាត់ទៅវិញមួយរយៈ ស្រាប់តែនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ Mrr Heng ដែលជាមេតុងទីនខាងលើ បានបង្ហោះសារមួយដ៏ក្ដៅគគុក ដែលក្នុងអត្ថន័យនោះ លោកបានបញ្ជាក់ពាក្យមួយឃ្លាថា មានភ្លើងទើបមានផ្សែង ហើយពេលនេះលោកក៏បានត្រឡប់មកវិញដើម្បីដោះស្រាយរឿងមួយនេះជាមួយអ្នកពាក់ព័ន្ធផងដែរ។
កាលនោះ Mrr Heng បានរៀបរាប់ថា ៖ «មានពេលខ្ញុំនឹង live ធ្វើការបកស្រាយ ពីរឿងដែលគេថាខ្ញុំបោកប្រាស់លុយគេ 400000$ ឬ 500000$។ ( បើជំពាក់គេខ្ចីពីមិត្តយកមកមករកស៊ីគឺមាន តែខ្ញុំសូមជំទាស់ ហើយស្នើដល់អ្នកនិយាយ យកអីមកបូកឃើញចំនួនលុយដល់ថ្នាក់ 50 ម៉ឺន ថតឯកសារខមមិនខាងក្រោមមក តែបើកូនបំណុលខ្ញុំវិញគឺលើស 50 ម៉ឺនទៀត ឯកសារមានគ្រាន់ តែគេមិនសងខ្ញុំ ហើយខ្ញុំត្រូវចេញសងជំនួសគេ) ធម្មតាមានភ្លើងទើបមានផ្សែង រឿងវាមានចំណុចផ្ដើម ក៏មានចំណុចបញ្ចប់ដូចគ្នា.!»។
រឿងរ៉ាវកាន់តែក្ដៅគគុក ដោយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បុរសហាយសូរខាងលើបានបង្ហោះសារគំរាមកូនបំណុលដូច្នេះថា ៖ «ចាប់ពីខែក្រោយទៅ មិនថាអ្នកចងការលុយខ្ញុំ ឬក៏លុយតុងទីន បើនៅតែអត់ដោះស្រាយឱ្យខ្ញុំទេ ខ្ញុំសូមធ្វើការបង្ហាញមុខទាំងអស់..! ព្រោះបើនិយាយពីទុកពេលវិញ ម្នាក់ៗអត់ក្រោមកន្លះឆ្នាំទេ។ ខ្លះវិញរាប់ឆ្នាំក៏មាន អត់សង។ ខ្ញុំយល់គេ យល់រហូតសឹងអស់ជីវិតហើយ»៕