ទទួលយកមិនបាន! «អូនថាម៉ោង ៦ ជួបមុខកូនយើង តែម៉ោង ៦ អូនបែរជាបាត់បង់ជី-វិ-តទៅវិញ ទាំងមិនបានឃើញមុខកូន»
ជារឿងដ៏គួរឱ្យតក់ស្លុត និង រំជួលចិត្តបំផុត ក្រោយក្ដីសង្ឃឹមដ៏មានក្ដីសុខរបស់បុរសម្នាក់ ហាក់ប្រែផ្លាស់រលាយត្រឹមមួយប៉ប្រិចភ្នែក ដោយសារតែទន្ទឹងរង់ចាំដំណឹងល្អ ភរិយាជាទីស្រឡាញ់របស់ខ្លួនសម្រាលបុត្រ តែបែរជាទទួលបាននូវទុក្ខសោកដ៏រួមរឹត ក្រោយស្ត្រីជាភរិយាបានបាត់បង់ជីវិតបន្ទាប់ពីសម្រាល ចាកឆ្ងាយស្វាមី និង កូនទើបកើត គ្មានថ្ងៃត្រឡប់ជួបចួនវិញ។
ស្ត្រីដែលបានបាត់បង់ជីវិតខាងលើ មានឈ្មោះថា យឹម ស្រីឡែន មានអាយុ ២៩ ឆ្នាំ បានបាត់បង់ជីវិតកំឡុងពេលសម្រាលកូនរបស់ខ្លួន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០៦ ព្រឹក ធ្វើឱ្យសាច់ញាតិ ក្រុមគ្រួសារ ក៏ដូចជាស្វាមីផ្ទាល់ ទទួលយកមិនបាន ខណៈបុរសជាប្ដីបានរៀបរាប់ទុក្ខសោកថា ៖ «លឿនពេកហើយ បងទទួលយកមិនបានទេ អូនថាម៉ោង ៦ បានជួបមុខកូនយើងហើយ តែនៅម៉ោង ៦ បែរជាអូនត្រូវបាត់បង់ជីវិតទៅវិញ ទាំងមិនបានឃើញមុខកូនយើងផង បងនៅតែទទួលយកមិនបាន»។
តាមរយៈរឿងរ៉ាវដ៏រំជួលចិត្តនេះ បានធ្វើឱ្យមហាជននាំគ្នាស៊ែរ និង នាំគ្នាខំមិនចូលរួមរំលែកទុក្ខ ក៏ដូចជាសម្ដែងនូវការសោកស្ដាយព្រោងព្រាត ព្រមទាំងលើកទឹកចិត្ត ឱ្យបុរសជាប្ដីរឹងមាំតស៊ូចិញ្ចឹមទារកដែលទើបកើតបន្តទៅមុខទៀត។
យ៉ាងណាមិញ ចំពោះសពរបស់ស្ត្រីខាងត្រូវបានតម្កល់ធ្វើបុណ្យនៅឈាបនដ្ឋានវត្តដំណាក់ ខណៈថ្ងៃដង្ហែសព នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ស្អែកនេះ វេលាម៉ោង ១ ផងដែរ៕