កូនក្រមុំឡូឡារំសាយពិធីការចោលភ្លាមៗ ក្រោយគ្រួសារខាងប្រុសមើលងាយឪពុកខ្លួន ដែលពិការ
ពិធីរៀបការ គឺជាពិធីដែលសំខាន់សម្រាប់គូស្វាមីភរិយាក៏ពិតមែន តែវាក៏សំខាន់សម្រាប់ឪពុកម្តាយទាំងសងខាងក្នុងការមកឃើញកូនៗបានដល់កោះដល់ត្រើយជីវិត យ៉ាងណាក៏ដោយ ក្រៅពីនោះក៏ជាពិធីដែលឱ្យគ្រួសារទាំងសងខាងមកផ្តល់ការគោរពឱ្យគ្នាទៅវិញទៅមកដូចគ្នា។
ជាក់ស្តែងថ្មីៗនេះ ក៏ទើបតែមានករណីមួយទាក់ទងនឹងរឿងខាងលើនេះ ដោយមានកូនក្រមុំចិនម្នាក់បានកើតការខឹងសម្បាញ័រសាច់ ក្រោយគ្រួសារខាងប្រុសមិនពេញចិត្តមិនចង់ឱ្យឪពុកពិការរបស់ខ្លួនឡើងនិយាយអរគុណលើឆាកវេទិកា។
ក្នុងនោះ កូនកំលោះក្រមុំទាំងគូ បានត្រៀមរៀបចំស្លៀកពាក់ចូលពិធីហើយ ស្រាប់តែគ្រួសារខាងប្រុសបែរជាសុំមិនចង់ឱ្យឪពុករបស់កូនក្រមុំឡើងឆាកនោះទេ ព្រោះតែគាត់ជាជនពិការ ឡើងទៅខ្លាចខ្មាសអាប់ឱននៅមុខភ្ញៀវ។ យ៉ាងណាមិញ ឪពុកកូនក្រមុំក៏អន់ចិត្តមិនតិចដែរ តែក៏ព្រមធ្វើតាម ព្រោះមិនចង់ឱ្យពិធីមានភាពរញ៉េរញ៉ៃ។
ក្រោយមក គ្រាន់តែដឹងរឿងភ្លាម កូនក្រមុំក៏ស្រែកឡូឡាទាំងខឹងសម្បា ព្រមទាំងដោះឈុតចោលកណ្តាលហ្វូងមនុស្ស ព្រមទាំងប្រកាសរំសាយការរៀបការចោលតែម្តង ព្រោះទ្រាំមិនបានដែលគេមកមើលងាយឪពុករបស់ខ្លួនបែបនេះ។ ដោយឡែក តាមពិតទៅនាងគឺជាកូនកំព្រាម្តាយតាំងពីតូច ហើយត្រូវបានឪពុកពិការនេះខំប្រឹងរកស៊ីចិញ្ចឹមរហូតធំធាត់ មិនប្លែកឡើយដែលនាងស្រឡាញ់ឪពុកខ្លាំងបែបនេះ៕