ព្រះអើយ! កំពុងពពោះ តែបែរជាទៅជឿគ្រូបុរាណ ឱ្យគេដំដែកគោលនឹងក្បាលដើម្បីបានកូនប្រុស
ស្ត្រីមានផ្ទៃពោះម្នាក់នៅក្រុង Peshawar ប្រទេសប៉ាគីស្ថាន ត្រូវបានគ្រូបុរាណម្នាក់ដំដែកគោលប្រវែង ៥ សង់ទីម៉ែត្រចូលក្បាល ដោយបោកប្រាស់ថា «កូនក្នុងពោះនឹងប្រែទៅជាកូនប្រុស» បើទោះបីជាស្ត្រីនោះដឹងហើយថាកូនដែលនាងកំពុងមាននេះជាកូនស្រី។
លោកវេជ្ជបណ្ឌិត Haider Khan ប្រចាំមន្ទីរពេទ្យមួយក្នុងក្រុង Peshawar បាននិយាយថា ស្ត្រីរងគ្រោះរូបនោះ បានទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យមើលសុខភាព ក្រោយរូបនាងព្យាយាមយកដង្កាប់ចាប់ទាញដែកគោលចេញពីក្បាលតែមិនបានសម្រេច។ «នាងមកពេទ្យនៅដឹងខ្លួននិយាយដឹងខុសត្រូវ ប៉ុន្តែនាងគឺមានការឈឺចាប់ខ្លាំង»។ គ្រូពេទ្យបញ្ជាក់បន្ថែម។
គួរឱ្យដឹងថា ស្ត្រីពពោះខាងលើតាមពិតមានកូនស្រីចំនួន ៣ នាក់រួចទៅហើយ ដោយកូនក្រោយនេះនាងរំពឹងថានឹងបានកូនប្រុស តែយ៉ាងណាក៏បានមកស្រីទៀត។ ដូច្នេះហើយ ទើបនាងទៅរកគ្រូបុរាណជួយ ដោយគ្រូនោះអះអាងថា ការដំដែកគោលនៅក្នុងក្បាលនាង អាចជួយឱ្យកំណើតកូនទៅជាកូនប្រុសវិញ។
ក្រោយទទួលបានការព្យាបាល និង ដកយកដែកគោលចេញពីក្បាលបានដោយជោគជ័យ បច្ចុប្បន្នស្ត្រីរូបនោះបានចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈប៉ូលិសក្រុង Peshawar កំពុងព្យាយាមតាមរកគ្រូបុរាណដែលបានប្រើប្រាស់ទង្វើដ៏គ្រោះថ្នាក់លើស្ត្រីរងគ្រោះ៕