ប្រាប់គេថាមានជីវិតអមតៈ តែគ្មានអ្នកជឿ លោតផ្លុកចូលភ្នំភ្លើងបញ្ជាក់ មានអីបាត់ខ្លួនដល់សព្វថ្ងៃ
Empedocles (Empedoklēs) គឺជាជនជាតិដើមនៃ Akragas ក្នុងទីក្រុង Sicily។ លោកកើតមកពីគ្រួសារអ្នកមាន និង មានមុខមាត់ក្នុងសង្គម។ ជីតារបស់លោក ជាជើងឯកពិភពលោកផ្នែកប្រណាំងសេះ នៅឯចក្រភព Olympia ក្នុងការប្រកួតកីឡាអូឡាំពិកខួបទី ៧១ ហើយពុករបស់លោកវិញ គឺជាបុគ្គលដ៏មានកិត្តិយសខ្ពង់ខ្ពស់នៅ ក្រុង Meton។
លោកកើតនៅ Agrigento ប្រទេសអ៊ីតាលី ត្រូវបានមហាជនប្រសិទ្ធនាមហៅថា ទស្សនវិទូដ៏ល្បីប្រចាំសតវត្សរ៍ទី ៥ ដោយសារប្រាជ្ញាដ៏ឈ្លាសវៃ អត្ថន័យអ្នកប្រាជ្ញអភិជនប្រកបដោយផ្នត់គំនិតទស្សនវិជ្ជា។ មិនតែប៉ុណ្ណោះ គាត់គឺជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមម្នាក់ និង ជាវាលគ្មិនដែលនិយាយមិនដែលចាញ់នរណាសោះក្នុងឆាកជីវិតជាជនតស៊ូមតិ។ លោក Empedocles ត្រូវបានប្រជាពលរដ្ឋល្បីហៅលោកថាជាជនមានអំណាចព្រះ អាចហៅផ្គរហៅភ្លៀងគ្រប់គ្រងអាកាសធាតុ និង ព្យាបាលជំងឺផ្សេងៗ។ នរណាៗក៏ដឹងថា ជីតា និង ពុករបស់លោកសុទ្ធតែមានអាយុដល់ខ្ទង់រយឆ្នាំ កាលសម័យនោះ ហើយលោកជឿថា អំណាចព្រះដែលលោកស្នងពីសែលោហិតគ្រួសារ ធ្វើឲ្យមនុស្សដូចលោកមានសំណាង និង ជីវិតអមតៈ។
នៅពេលដែលមនុស្សបដិសេធមិនជឿលើទេវភាពរបស់គាត់ ថាគាត់អាចរស់បានយូរជាងមនុស្សដទៃ ជាពិសេសអំណាចនៃព្រះការពារលោកពីការកើតចាស់ឈឺស្លាប់ កាលនោះមិនសូវមាននរណាជឿគាត់ទេ ពេលនោះគាត់បានសម្រេចចិត្តបង្ហាញវាដល់ពួកគេដោយលោតចូលទៅក្នុងភ្នំភ្លើងសកម្មនៃភ្នំ Etna ។ គាត់បាននិយាយថា គាត់បានក្លាយជាព្រះអមតៈ ហើយភ្នំភ្លើងនឹងមិនធ្វើឱ្យគាត់រលាកបន្តិចសោះឡើយ ចាំតែមើលទៅ។ ភ្លាមនោះគាត់បានលោតចូលទៅក្នុងភ្នំភ្លើងដោយទំនុកចិត្តខ្ពស់ ដោយហក់ចូលផ្លុក បាត់ឈឹងទល់សព្វថ្ងៃ ស្លាប់យ៉ាងអត់ន័យក្នុងវ័យ ៦០ ឆ្នាំ នោះហើយជាគ្រាចុងក្រោយដែលមនុស្សគ្រប់គ្នាបានឃើញគាត់នៅរស់៕