ស្គាល់តែអ័រគីដេ! តាមពិតមានឈ្មោះមួយទៀតហៅ ផ្កាកេសរកូល អាចមានប្រមាណជាង ៥០០ ប្រភេទ នៅខ្មែរយើង
ផ្កាកេសរកូល ដែលប្រជាពលរដ្ឋខ្មែរយើង និយមហៅថា ផ្កាអ័រគីដេ ដែលនិយមឃើញគេ ដាក់តាំងលក់នៅតាមហាងលក់ផ្កានានា គឺជាប្រភេទ កេសរកូល ដែលភាគច្រើនបានមកពីការបង្កាត់។
ប៉ុន្តែ បើតាមការសិក្សារបស់អ្នកជំនាញ ផ្នែកជីវៈចម្រុះ តាមរយៈក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យបានដឹងថា នៅព្រះរាជាណាចក្រកម្ពុជា អាចចាត់ទុកថា ជាប្រទេសមួយ ដែលសម្បូរនូវធនធានធម្មជាតិ និងជីវៈចម្រុះ ដោយក្នុងនោះ ប្រភេទកេសរកូលព្រៃ (អ័រគីដេ) អាចមានប្រមាណជាង ៥០០ ប្រភេទ ហើយពូជខ្លះក៏ជាពូជកម្រផងដែរ។
មិនតែប៉ុណ្ណោះ ខាងអ្នកជំនាញបានបញ្ជាក់ឱ្យបានដឹងទៀតថា ក្នុងចំណោមប្រភេទទាំងនោះ មានតែកេសរកូលប្រមាណ ៣៦០ ប្រភេទប៉ុណ្ណោះ ដែលបានធ្វើអត្តសញ្ញាណរួច។ ជាក់ស្ដែងបច្ចុប្បន្ន កេសរកូលព្រៃ កំពុងទទួលរងការគំរាមកំហែង តាមរយៈការជួញដូរ ក្នុងរូបភាពផ្សេងៗទៅកាន់បរទេស ជាពិសេសប្រទេសថៃ និងវៀតណាម ខណៈមិនទាន់មានការកត់ត្រា និងព័ត៌មានលម្អិតពីការជួញដូរនេះនៅឡើយទេ៕
ប្រភព៖ ក្រសួងបរិស្ថាន