![ធ្ងន់-ក! ទិន្នន័យអ្នកជំងឺជាង ៣៩ លាននាក់ក្នុងពេទ្យរដ្ឋថៃមួយ ត្រូវគេលួចដាក់លក់យ៉ាងអាថ៌កំបាំង លើអ៊ីនធឺណេត](https://www.popular.com.kh/wp-content/uploads/2022/01/FI545.jpg)
ធ្ងន់-ក! ទិន្នន័យអ្នកជំងឺជាង ៣៩ លាននាក់ក្នុងពេទ្យរដ្ឋថៃមួយ ត្រូវគេលួចដាក់លក់យ៉ាងអាថ៌កំបាំង លើអ៊ីនធឺណេត
កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញប្រទេសថៃ ក្រោយលេចបែកធ្លាយទិន្នន័យអ្នកជំងឺជាង ៣៩ លាននាក់ ត្រូវបានគេលួចទាញយកដាក់លក់នៅក្នុងបណ្តាញសង្គម Telegram។
ទិន្នន័យអ្នកជំងឺជាង ៣៩ លាននាក់នេះ ត្រូវជនអនាមិក ដែលលួចយកទៅដាក់លក់ក្នុងតម្លៃ នៅលើប្រព័ន្ធ Telegram ដោយមិនបានបង្ហាញពីគោលបំណងច្បាស់លាស់នោះឡើយ។ ចំពោះតម្លៃគឺគេបានបញ្ជាក់ថាអាចចរចាតថ្លៃបាន ហើយនឹងសម្រេចដាក់លក់ទៅឱ្យអតិថិជនតែម្នាក់គត់។
ទិន្នន័យអ្នកជំងឺដែលត្រូវគេលួចបាននោះមានដូចជា ឈ្មោះ អាស័យដ្ឋាន អត្តសញ្ញាណសំគាល់ខ្លួនជនជាតិថៃ លេខទូរស័ព្ទ ភេទ ថ្ងៃកំណើត និង ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀត ដោយយោងតាមរយៈជនដែលបានរាយការណ៍ ដោយប្រើប្រាស់ឈ្មោះក្រៅផ្លូវការ «WraithMax»។
លើសពីនេះទៅទៀត ជនខិលខូចក៏បានអះអាងបញ្ជាក់ថា ទិន្នន័យនេះគឺជាទិន្នន័យរបស់អ្នកជំងឺរបស់មន្ទីរពេទ្យធំ Siriraj Piyamaharajkarun ដោយបូករួមបញ្ចូលទាំងរបាយការណ៍របស់អ្នកជំងឺលំដាប់ VIP ផងដែរ។
គួរបញ្ជាក់ឱ្យដឹងដែរថា អំឡុងខែកញ្ញា ឆ្នាំ ២០២០ ធ្លាប់មានករណី Hacker លួចរបាយការណ៍អ្នកជំងឺនៅឯមន្ទីរពេទ្យ Saraburi ដោយថែមទាំងបានកាត់ផ្តាច់ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងរបស់ពេទ្យនោះផងដែរ ដោយទាមទារប្រាក់ចំនួន ៦៣ ពាន់លានបាត តាមរយៈ Bitcoin ជាការដោះដូរ។
ក្រោយមករាជរដ្ឋាភិបាលថៃបានចំណាយទឹកប្រាក់ចំនួន ៥២ លានដុល្លារ ដើម្បីរឹតបន្តឹង និង ជួយការពារប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យរដ្ឋទាំងអស់ក្នុងប្រទេស៕
ប្រភព៖ Bangkok Post