ចែកគ្នាដឹង! បើនៅហែលទឹកសុខៗជួបក្រពើ ចេះតែ ១០ ក្បាច់នេះ អាចរួចជីវិតហើយ!
ធ្លាប់ស្រមៃទេ ពេលទៅធ្វើដំណើរកម្សាន្ដនៅរមណីយដ្ឋានណាមួយ ជាពិសេស តំបន់រីសត ដែលជានៅតាមមាត់ទឹក ឬ ស្ទឹង ទន្លេ ដែលមិនធ្លាប់បានទៅពីមុនមក ហើយក្រោយមកកំពុងតែហែលទឹកផ្ងារ យ៉ាងមានសេចក្តីសុខ លែងងាកខ្វាច់ឃើញក្រពើឡើងធំប៉ុណ្ណាណី ចំពីមុខអ្នក ហែលតម្រង់មកយឺតៗ អ្នកមើលទាំងស្លុតចិត្ត ស្របពេលជីវិតស្ថិតលើខ្សែបន្ទាត់ នៃពាក្យថារស់ ឬ ស្លាប់ អត់ដឹងគួរធ្វើយ៉ាងណា អាចងាកមកអានចំណេះដឹងថ្មី ដែលជារូបមន្តរក្សាជីវិត ពីការវាយប្រហាររបស់សត្វក្រពើ តាមរយៈអត្ថបទមួយនេះបាន។
បើអ្នកហែលទឹកសុខៗ ឃើញសត្វក្រពើ សូមកុំជ្រួលច្របល់ រក្សាចិត្តឱ្យស្ងប់ និង ដកដង្ហើមមួយៗ កុំស្រែកកុំបង្ហាញអាការភ្ញាក់ផ្អើលអ្វីទាំងអស់៖
១. ចូរចងចាំថា ហាមមិនត្រូវកម្រើកឱ្យទឹកបែកពពុះ ឬ រលកជាដាច់ខាត ត្រូវរក្សាទឹកលើដងខ្លួនអ្នកឱ្យស្ងប់បំផុត តាមដែលអាចទៅរួច
២. ក្រពើមិនអាចវាយប្រហារយើងនៅក្រោមទឹកបានឡើយ បើទឹកដែលអ្នកហែលមានជម្រៅជ្រៅ ដាក់ច្រមុះអ្នកឱ្យលិចចូលទឹក ហើយហែលយឺតៗ ដកដង្ហើមយ៉ាងស្ងាត់ស្ងៀមបំផុត ករណីអ្នកមានដង្ហើមវែង អ្នកអាចមុជទៅបាតទឹក រង់ចាំ វាហែលផុត ចាំងើបយឺតៗ ហើយហែលពីក្រោយវាវិញ
៣. ចូរចាំថា ជីវិតអ្នក គឺអាស្រ័យលើភាពស្ងប់របស់អ្នកអាចរក្សាបានកម្រិតណា ជាពិសេសភាពស្ងប់របស់ទឹក ដែលអ្នកហែល (ហាមមានរលក ឬ ពពុះទឹកជាដាច់ខាត)
៤. ត្រូវហែលជាខ្សែបន្ទាត់ត្រង់ជានិច្ច
៥. ករណីអ្នកត្រូវក្រពើសង្គ្រប់បាន ឬ ខាំផ្នែកណាមួយនៃរាងកាយ ដំណាក់កាលដំបូងចូរផតពោះសណ្តូកជើង និងដកខ្លួនឱ្យត្រង់ ហាមរើកម្រើកឱ្យសោះ ជាធម្មតាក្រពើវាអត់ស៊ី ឬ ទំពារសត្វ ឬមនុស្សរស់នៅក្នុងទឹកភ្លាមៗឡើយ ជារឿយៗវានឹងពាំចំណីវាទៅលើគោក តែបើអ្នករើកម្រើក សត្វនេះនឹងត្របាក់ ឬ រមួលទៅមកឱ្យអ្នកស្លាប់ឬ ដាច់ជា ២ កំណាត់ ដែលវាល្អប្រសើរបំផុត បើអ្នកធ្វើពុតជាស្លាប់រក្សាជំហរដើម្បីសន្សំកម្លាំងបន្តរស់នៅជំហានបន្ទាប់។
៦. បើអ្នកត្រូវវាខាំជើង ឬ ដៃ ចូរចាំថាវានឹងរមៀលមួរដៃយើងឱ្យដាច់ រក្សាជំហរឱ្យមាំ មើលទិសដែលក្រពើនឹងរមួល ចូរបង្វិលខ្លួនតាមទិសដែលវានឹងក្រឡាប់អ្នកនឹងអាចរក្សាអវយវៈអ្នកមិនឱ្យដាច់ពីរាងកាយ។
៧. ចំនុចខ្សោយរបស់ក្រពើគឺ ភ្នែក ច្រមុះ និង រន្ធត្រចៀក ចូរយកម្រាមអ្នករុកភ្នែករបស់វាឱ្យខ្លាំង ឬ វាយត្រចៀកវា ដោយកែងដៃ តាមដែលអាចទៅរួច បើវាខាំផ្នែកនៃកណ្តាលដងខ្លួន ចូរប្រើកែងដៃវាយអោយចំច្រមុះរបស់វាឱ្យច្រើនដង វានឹងខ្ជាក់អ្នកមកក្រៅវិញ ព្រោះផ្នែកច្រមុះជាផ្នែកស្តើងជាងគេនៃរាងកាយសត្វក្រពើ ហើយទទួលដឹងអារម្មណ៍ជាងផ្នែកណាៗទាំងអស់
៨. ពេលវាខ្ជាក់អ្នក អ្នកមានពេល ២ ទៅ ៣ នាទីដើម្បីហែលមកគោក ដំណាក់កាលនេះ អ្នកអាចស្រែករកជំនួយបាន ចូរប្រាកដចិត្តថា នៅឱ្យឆ្ងាយពីទឹក ឬ តំបន់ដែលគ្មានសត្វក្រពើ
៩. ធ្មេញរបស់ក្រពើមានមេរោគ និង ជំងឺជាច្រើនមុខ ទោះជាមានមនុស្ស និង សត្វដែលធ្លាប់រស់ពីចង្កូមរបស់សត្វប្រភេទនេះ តែមេរោគដែលខាំជាប់់នឹងធ្មេញសត្វនេះ ក៏ជាមួយក្នងចំនោមហេតុផលដែលធ្វើឱ្យអ្នកអាចស្លាប់បានដូចគ្នា ប្រសិនបើអ្នកមានរបួស ទោះកម្រិតណាក៏ដោយ សូមណែនាំប្រិយមិត្តបងប្អូនអ្នកអាន ចូរប្រញាប់រកគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត។
១០. មិនត្រូវព្រងើយកន្តើយ នឹងតំបន់គ្រោះថ្នាក់ ឬ មានសត្វសាហាវឡើយ អ្នកគប្បីរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីរឹតបន្តឹងវិធានការបង្ការ ឬ ដាក់ស្លាកប្រុងប្រយ័ត្ននៅតំបន់មានវត្តមានសត្វក្រពើ៕
ប្រភព៖ Wiki