![ប្ដីវា.យជាំពេញខ្លួនស្ទើរសុះសាច់ ៣ ឆ្នាំ តែស៊ូទ្រាំមិនលែងលះ ដោយសារតែប្ដីសង្ហាពេក](https://www.popular.com.kh/wp-content/uploads/2021/11/featue.jpg)
ប្ដីវា.យជាំពេញខ្លួនស្ទើរសុះសាច់ ៣ ឆ្នាំ តែស៊ូទ្រាំមិនលែងលះ ដោយសារតែប្ដីសង្ហាពេក
ថ្មីៗនេះ ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ចិន Hunan TV បានធ្វើការផ្សាយពីគូស្នេហ៍ដ៏ចម្លែកមួយគូ។ តាមការចេញផ្សាយ ស្ត្រីជាប្រពន្ធក្នុងរឿងរ៉ាវដ៏ចម្លែកមួយនេះ បានរៀបរាប់រឿងរ៉ាវជីវិតរបស់នាងថា តាំងពីក្មេងមក ឪពុកម្ដាយនាងបានលែងលះគ្នា ហើយរូបនាងគឺត្រូវយាយតាជាអ្នកចិញ្ចឹមបីបាច់ ដូច្នេះហើយនាងតែងតែមានការទាមទារចង់បានការថ្នាក់ថ្នម និង ក្ដីស្រឡាញ់ពីក្រុមគ្រួសារ។
នៅពេលនាងអាយុបាន ២០ ឆ្នាំ នាងក៏បានជួបបុរសម្នាក់ដែលមានអាយុបងនាង ៣ ឆ្នាំ ដោយរូបនាងបានលង់ស្រឡាញ់លោកតាំងពីប្រទះភ្នែកគ្នាដំបូង។ ក្រោយមក ពួកគេក៏បានចាប់ផ្ដើមទាក់ទងគ្នា ហើយក៏សម្រេចចិត្តរៀបការនឹងគ្នាដូចគូស្នេហ៍ដទៃៗ។
ទោះជាយ៉ាងណា ក្រោយពីរៀបការនឹងគ្នាមក បញ្ហាក៏បានចាប់ផ្ដើមកើតមានឡើង។ ប្ដីរបស់នាង ចាប់ផ្ដើមធុញទ្រាន់នឹងនាង ដោយសារតែនាងមានការប្រចណ្ឌខ្លាំងក្លាពេក ឱ្យតែលោកនិយាយរកមនុស្សស្រីណាម្នាក់ នាងតែងតែចូលមុខប្រចណ្ឌភ្លែត ទាំងមិនមានដឹងរឿងរ៉ាវអ្វីជាក់លាក់ក៏ដោយ។ លើសពីនេះទៅទៀត លេខទូរស័ព្ទមិត្តរបស់លោក ដៃគូការងារដែលជាមនុស្សស្រីទាំងអស់ ក៏ត្រូវបានប្រពន្ធលោកលុបចោលផងដែរ ហើយនាងថែមទាំងដាក់កម្មវិធីលើទូរស័ព្ទប្ដី តាមដានកន្លែងដែលលោកទៅណាមកណាទៀតផង។
ទង្វើរបស់ភរិយាលោក បានធ្វើឱ្យលោកអស់ការអត់ធ្មត់ និង តែងតែមានជម្លោះទាស់ទែងគ្នាជាច្រើនដង។ ការទាស់ទែងគ្នានោះ លើកណាក៏មានហិង្សាវាយប្រតប់គ្នាដែរ រហូតមានស្នាមជាំពេញរាងកាយប្រពន្ធសុះសាច់។ ជម្លោះរវាងគ្រួសារមួយគូនេះ គឺអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានពេលខ្លះស្ត្រីជាប្រពន្ធត្រូវប្ដីដេញចេញពីផ្ទះ មកអង្គុយយំសោកតាមផ្លូវក៏មាន។
ឃើញបែបនេះជារៀងរាល់ថ្ងៃ អ្នកជិតខាងនាងមានការអាណិតអាសូរជាខ្លាំង ហើយពួកគេក៏តែងតែដាស់តឿននាងថា ឈប់ទ្រាំទៀតទៅ ៣ ឆ្នាំហើយ នាងគួរសម្រេចចិត្តលែងលះទៅ។ ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យអ្នកជិតខាងហួសចិត្តគាំងលែងនិយាយចេញនោះ គឺនៅពេលស្ត្រីជាប្រពន្ធឆ្លើយតបវិញថា ៖ «ប្ដីខ្ញុំគាត់សង្ហាខ្លាំងណាស់ ខ្ញុំមិនអាចរស់នៅដោយគ្មានគាត់បានទេ»៕