ចំណាស់នេះហើយទើបតែដឹង! ប្រវត្តិនាំឱ្យមានឈ្មោះស្ទឹងមានជ័យ បឹងទំពន់ ទួលគោក ទួលទំពូង មកដល់សព្វថ្ងៃ
ទីរួមស្រុក ទីរួមខេត្ត តំបន់ ទីតាំងនីមួយៗ នៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានឈ្មោះ និងដំណើររឿងរ៉ាវ ព្រេងនិទាន នាំឱ្យមានឈ្មោះទីតាំងទាំងនោះរហូតមកដល់សព្វថ្ងៃ ។ ជាក់ស្ដែងយើងបានស្គាល់តំបន់ខ្លះនៅរាជធានីភ្នំពេញ ដូចជា ស្ទឹងមានជ័យ បឹងទំពន់ ទួលគោក ទួលទំពូង សុទ្ធតែមានប្រវត្តិដើមហេតុ ដែលយើងមិនធ្លាប់បានដឹង ។ ដូច្នេះសូមកូនខ្មែរទៅដឹងទាំងអស់គ្នាដូចខាងក្រោមនេះ៖
១-ស្ទឹងមានជ័យ
ស្ទឹងមានជ័យ ពីដើមមានឈ្មោះថា «ស្ទឹងទទឹងថ្ងៃ» តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កើតឡើង កងទ័ពខ្មែរដែលមានជ័យជម្នះលើទ័ពយួនហើយកាប់យួនស្លាប់ពេញទឹកទើបអ្នកស្រុកហៅកន្លែងនោះថា «អន្លង់ក្បាលយួន»។ ក្រោយពីមានជម្នះហ្លួងព្រះជ័យចេស្ដាបានយាងមកប្រថាប់ឯ «ទួលព្រះស្រី» (ទួលនេះកាលពីសម័យចតុមុខសម្ដេចព្រះចៅពញាយ៉ាតបានសង់ឱ្យព្រះរាជបុត្រស្រីរាជាគង់នៅ ក្រោយមកក៏ហៅថា ទួលព្រះស្រីរាជា បន្តមកជាទួលព្រះស្រី ហើយក៏ក្លាយជាទួលប្រស្រី) ហើយទ្រង់ចង់សាងវាំងតូចមួយនៅទីនេះគ្រាន់រំឭកដល់អនុស្សាវរីយ៍នៃការមានជ័យជម្នះ និង មកគង់ម្ដងម្កាល។
រយៈពេលនោះព្រះគ្រូពោធិវាំង ឯក (វត្តឧណ្ណាលោម) និង ស្រីស្រឹង្គារមុនី (វត្តភ្នំដូនពេញ) ដែលជាជំនិតនៃហ្លួងមានជំនាញខាងច្បាប់ បានមកតែងច្បាប់មួយ។ ច្បាប់នេះទាក់ទងនឹងអាពាហ៍ពិពាហ៍ហៅថាទម្រង់ការព្រះជ័យចេស្ដា និង ខាងច្បាប់ចៅក្រមមួយ។
ពេលនោះឯងទើបព្រះគ្រូពោធិវាំងឯក ទូលហ្លួងថា «ថ្វាយព្រះពរ ! ដីទួលព្រះស្រីនេះចង្អៀតណាស់ បើសព្វព្រះរាជហឫទ័យសូមធ្វើនៅឯបឹងត្បែងវិញ ដ្បិតទីនោះវាទូលាយ»។ ក្រោយមកទើបហ្លួងសម្រេចព្រះទ័យទៅធ្វើវាំងឯបឹងត្បែងវិញ ឱ្យឈ្មោះថា «វាំងបឹងត្បែង» ( វាំងនោះឯងកាលព្រះករុណារាជានុកោដ្ឋ សម្ដេចស៊ីសុវត្ថិ កាលនៅជាមហាឧបរាជទ្រង់សព្វព្រះទ័យទៅតែទីនោះណាស់ កាលនោះឯងបារាំងស្មានថាហ្លួងរត់បាត់តាមពិតហ្លួងនៅឯបឹងត្បែងនេះទេ។
ទើបក្រោយមកចៅពញាភក្ដីសង្គ្រាម ហុក ជាមេទ័ពធំ ទូលហ្លួង (ព្រះជ័យចេស្ដា) ថា «សូមទ្រង់ព្រះមេត្តាប្រោស ស្ទឹងទទឹងថ្ងៃនេះជាទីជ័យភូមិច្បាំងដាច់សាច់កន្លែងនេះចុងក្រោយ» ទើបហ្លួងព្រះជ័យចេស្ដាមានព្រះរាជឱង្ការថា «ណ្ហើយ ! ឈប់ហៅស្ទឹងទទឹងថ្ងៃទៅ ហៅស្ទឹងមានជ័យវិញ» តំណនោះមកទើបជាប់ឈ្មោះមកដល់សព្វថ្ងៃ។
២-បឹងទំពុន
ឯឈ្មោះ «បឹងទំពុន» ពាក្យទំពុននេះជាងារមនុស្សពូជសូទ្រៈដែលក្នុងនោះមានបីគឺ ទំពុន , ទំលែ , ចម្បងលែ។ ពួកនេះជាអ្នកល្មើសនឹងវិន័យព្រះសាសនាដូចយ៉ាងសង្ឃប្រព្រឹត្តខុសវិន័យជាដើមទើបជាប់ងារជាពលព្រះ។ ពីដើមប្រហែលជាពួកនេះរកស៊ីអីនៅម្ដុំបឹងនេះទើបជាប់ឈ្មោះថា «បឹងទំពុន» មក ប៉ុន្តែសព្វថ្ងៃអស់ហើយ។
៣-ទួលគោក
ឯឈ្មោះ «ទួលគោក» សម្ដេចជួន ណាតមានព្រះបន្ទូលថាពីដើមឱ្យតែទឹកលិចអ្នកទឹកល្អក់ជាដើមនោះ ដែលប្រកបរបរធ្វើស្រែ រែកដី តែងយកគោទៅចងនៅទីទួលនោះទើបជាប់ឈ្មោះថា «ទួលគោក»។
៤-ទួលទំពូង
ឯ «ទួលទំពូង» ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឱ្យទៅរើសសម្បកទំពូងនៅទីទួលមួយដែលទីនោះហើយគេហៅថា «ទួលទំពូង»។
គួរដឹងថានេះជាការប្រែសម្រួលចេញពី ព្រះសូរសព្ទដើមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ (ខ្សែអាត់សំឡេង)៕
ប្រភព៖
– លោក គាង សុផែត
– Dermdoung
– Oeng Vichit