បើនិយាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប គេនឹងនឹកឃើញខេត្តកំពតមុនគេមិនខាន ។ កំពតគឺជាខេត្តដែលមានសក្តានុពលខាងទេសចរណ៍ធម្មជាតិខ្លាំង គ្របដណ្ដប់ដោយព្រៃភ្នំ ស្ទឹង ព្រែក និង អូរធម្មជាតិជាច្រើន ហើយសម្បិត្តធម្មជាតិទាំងនេះ បានជំរុញឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ សម្បូរដោយរមណីយដ្ឋានទេសចរណ៍ជាច្រើន ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំតំបន់ទេសចរណ៍ថ្មីមួយទៀត ដែលគ្របដោយព្រៃភ្នំ និង ទឹកសាបមើលដាចកន្ទុយភ្នែកស្រស់ស្អាតខ្លាំងមានឈ្មោះថា «ស្ទឹងភេ» ។
រមណីយដ្ឋាន ស្ទឹងភេ គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដោយមានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅលេងកម្សាន្តនៅទីនោះ អាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ មកដល់ថ្នល់ទទឹងសូមបត់ឆ្វេងតាមផ្លូវលេខ ៤១ (ព្រះបាទអង្គឌួង) រហូតដល់គីឡូលេខ ៥៧ បត់ស្តាំ ចម្ងាយប្រហែលជា ៥ គីឡូម៉ែត្រ នឹងដល់ទីតាំងរមណីយដ្ឋានមិនខាន ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ដល់ផ្លូវលេខ ៤១ (ព្រះបាទអង្គឌួង) បត់ស្តាំ រហូតដល់គីឡូលេខ ៥៧ បត់ឆ្វេង ប្រហែលជា ៥ គីឡូម៉ែត្រ នឹងដល់ទីតាំងរមណីយដ្ឋាននោះហើយ ។
នៅទីនោះភ្ញៀវទេសចរ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃព្រៃភ្នំ ស្រស់ស្រូបអាកាសធាតុដ៏បរិសុទ្ធនៃធម្មជាតិ មើលថ្ងៃលិចប្របជើងភ្ន ជិះក្បូនបណ្តែតទឹក និងទទួលទានអាហារស្រស់ៗធម្មជាតិ មាន់ស្រែដុតក្តៅៗ ជាមួយហ្នឹងតម្លៃសមរម្យ ។ ជាពិសេសជាងនេះ នៅទីនោះមានប្លង់ថតស្អាតៗជាច្រើន ហើយបើនាំ Crush ទៅលេងបានម្តង ដឹងតែគេពេញចិត្តមិនខាន ហើយត្រៀមខ្លួនធ្វើជា Camera Man សម្រាប់គេផង ។ បន្ថែមពីនេះ នៅទីនោះក៏មានការបោះតង់ផងដែរ សម្រាប់ភ្ញៀវដែលចង់គេង និង សម្រាកយប់នៅទីនោះ ហើយសម្រាប់តម្លៃវិញ គឺ ៥ ដុល្លារ ។ ជាមួយ និង ការបោះតង់គេង ភ្ញៀវទេសចរក៏អាចប្រគំតន្ត្រី រាំលេងកម្សាន្តក្រោមពន្លឺដួងចន្ទដ៏ស្រទន់ក្នុងរដូវរហើយផងដែរ ៕