ទង្វើ ៤ យ៉ាងរបស់ភរិយា កំពុងបង្រៀនប្ដីពីមនុស្សស្លូតបូតទៅជាកោងកាចបាន
មនុស្សម្នាក់ដែលមានឈ្មោះថាជាប្ដី ឬជាប្រពន្ធ ម្នាក់នោះគឺអ្នកបានជ្រើសរើសសម្រេចដើរផ្លូវរួមរស់ជាមួយគ្នាពេញមួយជីវិត ។ ពីអ្នកដទៃក្លាយជាចំណែកមួយដ៏សំខាន់ក្នុងជីវិតអ្នក មិនមែនជារឿងងាយទេ ការថែរក្សាក្ដីស្រឡាញ់ និងទង្វើឱ្យដូចកាលគ្រាផ្ដើមស្នេហ៍គឺជារឿងដែលពិបាកធ្វើ ។ បើអ្នកមិនចេះថែរក្សាក្ដីស្រឡាញ់ មិនព្យាយាមរក្សាភាពផ្អែមល្ហែមនោះជីវិតគូក៏គង់នឹងប្រេះឆានៅថ្ងៃណាមួយមិនខាន ។ និយាយពីសុភមង្គលក្នុងគ្រួសារក៏ចូលរួមចំណែកសំខាន់បំផុតពីភរិយា តែបើនាងជាប្រពន្ធតែងធ្វើទង្វើ និងនិយាយសម្ដីទាំងនេះចំពោះប្ដីនោះនឹងធ្វើឱ្យចំណងស្នេហ៍អ្នកទាំងពីរនឹងជួបតែរឿងរកាំរកូស ពីបុរសម្នាក់ដែលតែងលួង តែងទ្រអ្នកគ្រប់ពេលនឹងអាចក្លាយជាមនុស្សម្នាក់ថ្មីមួយទៀត ។
១.រំពឹងចាំតែប្រាក់ខែស្វាមីតែមួយមុខមិនគិតជ្រោមជ្រែងក្នុងគ្រួសារ
ជាការពិតពាក្យថាស្វាមីគឺជាបង្គោលដ៏រឹងមាំក្នុងគ្រួសារជាអ្នករកប្រាក់ចំណូលផង ជាអ្នកដឹកនាំគ្រួសារផង ជាប្ដី ជាឪពុក តែបែបនេះមិនមែនមានន័យថាគេត្រូវទួលរែកតែម្នាក់ឯងទេ ។ ភរិយាក៏ជាចំណែកមួយក្នុងការកសាងគ្រួសារ ប្រាក់ខែមួយមុខមិនអាចទប់ទល់ការចំណាយរាប់រយជំពូកបានឡើយ ។ នាងគួរតែចេះរកវិធីបង្កើនប្រាក់ចំណូលបន្ថែមទៀត តាមរយៈការពិភាក្សាទល់មុខគ្នាជាមួយនឹងស្វាមី មិនមែនចាំស្ដីបន្ទោសនៅពេលដែលប្ដីរកចំណូលមិនសូវបាននោះទេ ។
២.ការងារផ្ទះគ្រប់បែបយ៉ាងនៅឆៅទាំងអស់
ជាស្ត្រីសំខាន់ក្នុងការទុកដាក់ផ្ទះសម្បែងឱ្យមានរបៀបរៀបរយ ភាពប៉ិនប្រសប់ទៅលើការចម្អិនម្ហូប ការចេះតុបតែងលម្អគេហដ្ឋានជាដើម ។ បើនារីជាប្រពន្ធគ្មានចំណុចទាំងនេះទេ នឹងធ្វើឱ្យគ្រួសារមិនអាចរស់នៅដោយសុភមង្គលបានឡើយ ។ ចំណុចនេះមិនមែនមានន័យថាប្រពន្ធគឺជាបាវព្រាវចាំបម្រើប្ដីនោះទេ តែនេះជាការបង្ហាញឱ្យឃើញពីឥរិយាមាទស័ក្ដិសមជាស្ត្រីមេផ្ទះដ៏ពូកែម្នាក់ ។
៣.តែងប្រច័ណ្ឌរករឿងដោយគ្មានហេតុផល
ដ្បិតថាមនុស្សប្រុសដែលជាស្វាមីតែងចេញបាត់ពីផ្ទះទៅធ្វើការរកលុយផ្គត់ផ្គង់គ្រួសារ តែមិនមែនមានន័យថាគេទៅរកស្រីញីផិតក្បត់មានថ្មីនោះទេ ។ ការសង្ស័យដោយគ្មានហេតុផលគឺជាការដាក់សម្ពាធមួយតង់ទៀតក្រៅពីសម្ពាធការងារដល់ស្វាមីរបស់ខ្លូន ។ មិនយូរទេភាពច្រំដែល ការរករឿងដោយមិនបានយល់ពីអារម្មណ៍របស់គេ មនុស្សប្រុសនឹងអាចផ្លាស់ប្ដូរពីអ្នកពូកែអត់ទ្រាំទៅជាកោងកាចមិនខាន ។
៤.ចូលចិត្តយកប្ដីខ្លូនឯងទៅប្រៀបប្ដីគេ
នេះជារឿងមួយដែលមនុស្សប្រុសទូទៅស្អប់បំផុត ទោះមានក្រយ៉ាងណា ប្ដីពូកែ ឬ ប្ដីមិនសូវពូកែខាងរកស៊ីរកលុយ ចូរកុំយកគេទៅប្រៀបនឹងអ្នកដទៃ ហើយបង្អាប់បន្តុះបំបាក់ទឹកចិត្តគេនោះ ។ ត្រូវចាំថាអ្នកដែលរស់នៅជាមួយអ្នកមិនមែនជាអ្នកដទៃ ម្នាក់នោះគឺជាប្ដីរបស់ខ្លួន មានចំណុចខ្វះខាតណាមួយនោះចូរនិយាយដោយទល់មុខគ្នាមិនមែនអាងអីថាប្ដីខ្លួនមិនបានមួយចំណិតគេនោះទេ ៕