រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានវេចខ្ចប់បាយជាមួយស្លឹកចេករួមជាមួយនឹងសំបុត្រចារអក្ខរាដ៏មានអត្ថន័យមួយទៅកាន់កងទ័ពជួរមុខកំពុងជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់បានធ្វើឱ្យកងកម្លាំងជាកងទ័ពមានក្ដីរំភើប និងរំជួលចិត្តយ៉ាងក្រៃលែងចំពោះទឹកចិត្តដ៏បរិសុទ្ធបានថ្លែងអំពីការដឹងគុណរបស់កងទ័ពទាំងអស់ ។
នៅពេលនេះអ្វីដែលកាន់តែរំភើបទៀតនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យតាមរកម្ចាស់ចុតហ្មាយដែលសរសេរទៅផ្ញើទៅកាន់កងទ័ពដើម្បីផ្ដល់ជូននូវរង្វាន់ពិសេសទៀតផង ។
តាមរយៈការបង្ហោះរបស់ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែតុលា ១០ ឆ្នាំ ២០២០ថា «វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ» ដោយសំបុត្រនោះ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា»។
យ៉ាងណាមិញ នៅមុននេះបន្ដិច យោងតាមគណនីផេក កងពលតូចថ្មើរជើងលេខ ៥១ បានបង្ហោះសារមួយ អមជាមួយរូបថតរបស់ម្ចាស់លិខិតប៉ុន្មានសន្លឹក ដោយរៀបរាប់ថា «លិខិតក្នុងកញ្ចប់បាយក្លាយឱសថទិព្វសម្រាប់កម្លាំងសង្គ្រោះ។ ម្ចាស់លិខិត នឹងអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក»៕