
បើនិយាយពីល្ងខ្មៅ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ទៅលើផ្នែកសុខភាព ដូចជាជួយដុតបំផ្លាញជាតិខ្លាញ់ ជួយកាត់បន្ថយភាពចាស់ ជួយក្នុងការស្រូបយកសារធាតុចិញ្ចឹម ជួយធ្វើឲ្យពោះវៀនធ្វើការបានប្រសើរជាងមុន និង ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាដើម ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងយករូបមន្តល្ងខ្មៅ មកធ្វើជាបង្អែមជូនលោកអ្នកដើម្បីឲ្យទទួលបានទាំងរសជាតិឆ្ងាញ់ និង ទទួលបានសុខភាពល្អ ។
គ្រឿងផ្សំ៖ ល្ងខ្មៅ ៤០០ ក្រាម, ស្ករស ១០០ ក្រាម, ដូងកោស ៥០០ ក្រាម, ទឹកដូងខ្ចី ៥០០ មីលីលីត្រ ។
វិធីធ្វើ៖
១- យកល្ង ទៅលីងឲ្យឡើងឈ្ងុយ រួចដាក់ចូលត្បាល់បុកឲ្យម៉ត់ ។
២- ដូងកោសហើយ ច្របាច់យកខ្ទិះ ។
៣- បន្ទាប់មកចាក់ខ្ទិះ និង ល្ងខ្មៅចូលម៉ាស៊ីនកិនឲ្យម៉ត់ ។
៤- កិនល្ងខ្មៅ និង ខ្ទិះរួចចាក់ចូលឆ្នាំងដាំពុះជាមួយស្ករ កូរឲ្យរលាយ (អំឡុងពេលចម្អិនត្រូវកូររហូត) ។
៥- នៅពេលស្កររលាយហើយនោះ ល្ងខ្មៅ នឹងក្លាយជាទឹកពណ៍ខ្មៅ មានភាពស្រស់ស្អាតគួរឲ្យចង់ញ៉ាំ ។
* បញ្ជាក់៖ ល្ងខ្មៅត្រូវញ៉ាំពេលនៅក្ដៅបានឆ្ងាញ់ អ្នកអាចបន្ថែមទឹកដោះគោ ឬ ខ្ទិះដូងចូលតាមចំណូលចិត្ត ៕
ប្រភព៖ ចុងភៅ