អភិបាលខេត្តពោធិ៍សាត់ កំពុងល្បីរន្ទឺខ្លាំងដោះស្រាយទំនាស់ ប្រៀបដូចទៅនឹងប៉ាវចិន
ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមិនត្រឹមតែនៅក្នុងខេត្តដែលលោកដឹកនាំនោះទេ គឺនៅទូទាំងប្រទេសកម្ពុជាគេបានស្គាល់ឈ្មោះ និង ដឹងពីសមត្ថភាពដ៏ពូកែរបស់លោកក្នុងការដឹកនាំ ពិសេសនោះគឺការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។
ជារៀងរាល់សប្ដាហ៍ថ្នាក់ដឹកនាំពោរពេញដោយចំណេះវិជ្ជាដ៏ជ្រៅជ្រះរូបនេះ តែងតែដោះស្រាយទំនាស់គ្រប់បញ្ហារាប់រយជំពូកមិនថាទំនាស់ដីធ្លី ទំនាស់គ្រួសារ ការដណ្ដើមទ្រព្យដីធ្លី ផ្ទះសម្បែង គឺលោកអាចរកដំណោះស្រាយដ៏សមប្រកបគួរឱ្យកោតសរសើរ ។ ចំណុចដែលធ្វើឱ្យមហាជនពេញចិត្តបំផុត គឺឯកឧត្ដម ម៉ៅ ធនិន តែងបញ្ចប់បញ្ហាដោយមិនបន្សល់ទុកឱ្យភាគីណាម្នាក់ចាញ់ដោយទឹកភ្នែកនោះទេ គឺមានតែស្នាមញញឹមយល់ព្រមឯកភាពដោយរីករាយចំពោះដំណោះស្រាយនោះ ។
មិនត្រឹមតែជាអ្នកផ្ដល់នូវដំបូន្មានដ៏ល្អប្រកបដោយឧត្ដមគតិដ៏ខ្ពង់ខ្ពស់នោះទេ គឺលោកថែមទាំងពូកែផ្នែកចិត្តសាស្ត្រអាចមើលដឹងពីធាតុពិតនៅក្នុងខ្លួនអ្នកកំពុងមានទំនាស់ថាតើនរណាជាមនុស្សស្មោះត្រង់ និងអ្នកណាជាមនុស្សមានល្បិចលាក់បង្កប់នៅក្នុងចិត្ត ដែលលោកអាចមើលដឹងតាមក្រសែភ្នែកដ៏មុតស្រួចរបស់លោក ។ ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកដែលបង្កបញ្ហាពិតប្រាកដមិនអាចគេចវេស មិនអាចដោះសារនូវទង្វើដែលខ្លួនបានប្រព្រឹត្តិឡើយ ។ លោកអភិបាលតែងបានផ្ដល់នូវឱវាទល្អៗទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលធ្វើឱ្យគូបដិបក្សទាំងសងខាងបន្ទន់ចិត្តបន្ទន់កាយរៀងៗខ្លួន រហូតអាចឈានទៅដល់ការបញ្ចប់ទំនាស់ដោយមិនឱ្យភាគីណាមួយថ្នាំងថ្នាក់ចិត្តនោះឡើយ ។
ជាក់ស្ដែងមហាជនប្រហែលជាចាំមិនភ្លេចឡើយករណីលោកអភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយបញ្ហាជូនលោកយាយម្នាក់ ដែលត្រូវកូនប្រុសបង្កើតប្រើអំពើហិង្សា ដល់ថ្នាក់ចង់សម្លាប់ម្ដាយ ព្រមទាំងជេរប្រមាណម្ដាយសព្វសារពើរ ចុងក្រោយកូនប្រុស និងកូនប្រសារស្រីបានលុតជង្គង់សំពះម្ដាយដល់បាតជើង ដែលធ្វើឱ្យមហាជនរំភើបដល់ថ្នាក់ទឹកភ្នែក ។ អ្វីដែលធ្វើឱ្យមហាជនទះដៃអបអរកងរំពងនោះ គឺលោកយាយដែលបានអះអាងថា មិនព្រមលើកលែងទោសឱ្យកូនប្រុសនោះ ចុងក្រោយនៅតែមិនអាចឈ្នះឥទ្ធិពលនៃពាក្យពេចន៍ល្អៗរកអ្វីប្រៀបមិនបានរបស់លោកអភិបាលខេត្ត ។ ចំណែកឯកូនប្រុសដែលរមិលគុណ ហ៊ានលើកដៃវាយម្ដាយនោះ បានដឹងកំហុសរបស់ខ្លួន លុតក្រាបសំពះម្ដាយជាមួយនឹងប្រពន្ធរបស់ខ្លួន ។
ដោយសារតែគុណធម៌ ការដោះស្រាយទំនាស់ដោយមិនលម្អៀង ថែមទាំងបានផ្ដល់នូវឱវាទល្អៗនោះ បានធ្វើឱ្យប្រជាជនពេញចិត្ត និងគោរពបំផុតចំពោះ ឯកឧត្ដម ម៉ៅ ធនិន រហូតដល់ប្រជាជនបានប្រៀបប្រដូចលោកទៅនឹងព្រះមកប្រោសសត្វលោក ហើយខ្លះទៀតបានចាត់ទុកលោកដូចជាប៉ាវចិន ឬ តុលាការមុខដែក ប៉ាវ ជីងធាន យ៉ាងដូច្នោះដែរ ៕