ក្រុងព្រះសីហនុ គឺជាខេត្តដ៏តូចមួយ ដែលមានឆ្នេរសមុទ្រវែងៗជាច្រើនដ៏ស្រស់ស្អាត ស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅ ហើយសើម ។ ចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្មធំបង្អស់ នៅលើឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាយើងផ្ទាល់ ។
ក្រុងព្រះសីហនុមានទីតាំង ស្ថិតនៅពាក់កណ្តាល ចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយទីក្រុងនេះ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃផងដែរ ។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង ឆ្នេរអូត្រេស ជាដើម ។
បណ្តាឆ្នេរសមុទ្រទាំងអស់នោះគឺជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត ជាមួយខ្សាច់សក្បុស អមទៅដោយដើមឈើជាច្រើនប្រភេទនៅប្របក្បែរមាត់ឆ្នេរ បង្កើតបានជាបរិយាកាស ខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ។
តាមរូបភាពជាច្រើនសន្លឹកដែលថតដោយ PISNOKA បង្ហោះនៅក្នុង ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតមួយកម្រិតទៀតនៅតាមបណ្តោយឆ្នេរសមុទ្រក្រុងព្រះសីហនុ ។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ផ្លូវដើរជាទឹករលក បានរំលេចសម្រស់ គួបផ្សំជាមួយទឹកសមុទ្រធំល្វឹងល្វើយ ដើមឈើតូចធំប្របតាមបណ្តោយឆ្នេរ ជាពិសេសគឺបរិស្ថានដែលគ្មានសំរាមមួយសរសៃនៅលើដី បានធ្វើឱ្យអ្នកដែលខានទៅលេងនៅទីនោះជាយូរមកហើយ ហាក់នឹករឮកអនុស្សាវរីយ៍កន្លងទៅជាខ្លាំង ៕
រូបថត៖ PISNOKA