ម្លេចរីសត ហ៊ុមព័ទ្ធដោយជួរភ្នំ ខ្យល់អាកាសបរិសុទ្ធ ស័ក្តិសមបំផុតសម្រាប់លម្ហែកាយបែបស្ងប់ស្ងាត់
ម្លេចរីសត ជារីសតថ្មីមួយកន្លែងដែលទើបលេចរូបរាងនៅក្នុងតំបន់បឹងធម្មជាតិ ទំនប់ម្លេច ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត មានចំងាយប្រហែល ៩៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយបើបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ត្រឹមគីឡូម៉ែត្រលេខ ៩៦ មានស្លាកសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត មានផ្លូវបត់ស្តាំនឹងចូលដល់រមណីដ្ឋាននោះហើយ ។
ម្លេចរីសត កំពុងលាក់ខ្លួនពួនអាត្មា ហ៊ុមព័ទ្ធទៅដោយជួរភ្នំជាច្រើន មានដើមឈើធំៗ បង្កើតបានសម្រស់ភ្នំពណ៌បៃតងចាស់ ខ្ចី ខ្យល់បក់ល្វើយៗមកប៉ះកាយាត្រជាក់ដល់បេះដូង រំសាយរសាត់អស់ទុក្ខកង្វល់ ដែលមានអារម្មណ៍បន្ទាប់ពីការងារបំពេញការងារ ឬ ការសិក្សាដ៏មមាញឹក ។
គ្រាន់តែធ្វើដំណើរទៅដល់ទីនោះភ្លាម អ្នកនឹងឃើញបឹងមួយដ៏ធំ ត្រូវបានគេហៅឈ្មោះថា បឹងរម្លេច ឬ ទំនប់ម្លេច ដែលយើងអាចជិះទូកលេងកម្សាន្ត គយគន់ទេសភាពព្រៃភ្នំ មើលមច្ឆាតូចធំដែលកំពុងហែលខ្វែងខ្វាត់ រំលេចចេញជាសម្រស់ធម្មជាតិយ៉ាងរស់រវើក ។
លើសពីនេះទៅទៀត ពេលឈានជើងចូលក្នុង ម្លេចរីសត ភ្លាមលោកអ្នកប្រាកដជាទប់អារម្មណ៍មិនផ្តិតយករូបភាពជាមួយការរចនារៀបចំជាលក្ខណៈតង់ធំៗ កៅអី អង្រឹង រថយន្តចាស់ និង របស់របរជាច្រើនទៀត ជាមួយភាពច្នៃប្រឌិតមួយបែបយ៉ាងគួរឱ្យទាក់ទាញ មានទីតាំងជាប់នឹងជើងភ្នំ ព្រមទាំងទំនប់ម្លេចផ្ទាល់តែម្តង ។
សម្រាប់ការសម្រាកលម្ហែកាយនៅទីនោះ យើងអាចរៀបចំជាអាហារពេលល្ងាចបែបសាច់អាំង មានអំពូលភ្លើងភ្លឺតិចៗ បង្កើតជាបរិយាកាសរ៉ូមែនតិច ខ្យល់អាកាសបរិសុទ្ធ គ្មានសំឡេងរំខានពីក្រៅ សាកសមសម្រាប់គូស្នេហ៍ ការជួបជុំគ្រួសារ ឬ មិត្តភក្តិ គេចចេញពីទិដ្ឋភាពដ៏អាប់អួរនៅទីក្រុងបានពិតៗ ។
សូមបញ្ជាក់ថា សម្រាប់អ្នកដែលទៅលេងនៅទំនប់ម្លេច ដែលមិនបានគេងនៅក្នុងរីសតក៏អាចទៅថតរូបលេងនៅទីនោះបានមួយសេរី ដោយចំណាយលុយត្រឹមតែ ៥ពាន់រៀល ប៉ុន្តែទទួលបានភេសជ្ជៈមួយកំប៉ុងត្រឡប់មកវិញ ជាមួយរូបថតពីប្លង់ស្អាតៗ ទុកជាអនុស្សាវរីយ៍ដែរ ៕
រូបថតដោយ៖ Sopanha Lee