ភ្លើងប្រច័ណ្ឌ ធ្វើឱ្យកូនកម្លោះ វាយទាត់ធាក់កូនក្រមុំរហូតស្លាប់មុខភ្ញៀវ ក្នុងថ្ងៃរៀបការ
កូនក្រមុំសញ្ជាតិរុស្ស៊ីម្នាក់ ត្រូវបានវាយដំរហូតដល់ស្លាប់ ដោយស្នាដៃអនាគតស្វាមីរបស់ខ្លួន ក្នុងពិធីរៀបការរបស់ពួកគេ ដោយសារភ្លើងប្រច័ណ្ឌ ។
ជនដៃដល់ឈ្មោះ Stepan Dolgikh អាយុ ៣៣ ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយធ្វើការវាយដំអនាគតភរិយាខ្លួនឈ្មោះ Oksana Puludentseva អាយុ ៣៦ ឆ្នាំ រហូតស្លាប់ក្នុងថ្ងៃរៀបការរបស់ពួកគេ ។ តាមសារព័ត៌មាន Dailymail បានបញ្ជាក់ថា ជនរងគ្រោះជាកូនក្រមុំ បានស្គាល់គ្នាជាមួយ Dolgikh ខណៈលោកនៅក្នុងពន្ធនាគារ ហើយនាងជឿជាក់ថា ខ្លួនអាចជួយគូស្នេហ៍ឲ្យកែប្រែជាមនុស្សល្អវិញ ។
សាក្សីកន្លែងកើតហេតុ បានបញ្ជាក់ថា អំពើហិង្សាដ៏ឃោរឃៅនេះ ចាប់កើតមានឡើង នៅពេលកូនកម្លោះ ផ្ដើមកើតចិត្តប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ជាមួយនឹងភ្ញៀវដែលមកចូលរួមម្នាក់ ហើយថែមទាំងចោទប្រកាន់នាងថា បង្ហាញអត្តចរិតមិនល្អ ទើបធ្វើឲ្យរូបគេខឹងខ្លាំងបែបនេះ ។
ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន NGS លោក Kirill Petrushin ប្រធានផ្នែកស៊ើបអង្កេតបានបញ្ជាក់ថា «ជនដៃដល់ចាប់ដាល់ និងទាត់ធាក់ជនរងគ្រោះនៅក្រៅផ្ទះ ហើយបន្តទៅវាយដំនាងដល់ក្នុងផ្ទះទៀត ។ បន្ទាប់មក រូបគេបានចាប់បោចសក់ វាយដំ រុញនាងទៅលើផ្លូវ ហើយវាយរាងកាយ និងក្បាលនាងយ៉ាងដំណំ រហូតជនរងគ្រោះលែងដឹងខ្លួន រូបគេក៏បានទម្លាក់នាងចោលនៅជ្រោះក្បែរនោះ» ។
ភ្ញៀវដទៃដែលបានចូលរួម នាំគ្នាមានការភ័យខ្លាចជាខ្លាំង និងមិនហ៊ានចូលទៅជួយឡើយ ប៉ុន្តែពួកគេបានធ្វើការទាក់ទងទៅខាងសមត្ថកិច្ច ហើយក៏បានចុះឃាត់ខ្លួនជនដៃដល់នៅកន្លែងកើតហេតុតែម្ដង ៕
ប្រភព៖ Dailymail