តាមសារព័ត៌មាន Global Times បានឲ្យដឹងថា សត្វចិញ្ចឹមប្រមាណ ៥ ពាន់ក្បាល ត្រូវបានប្រទះឃើញងាប់ក្នុងកញ្ចប់បញ្ញើនៅស្ថានីយដឹកជញ្ជូនទំនិញ Dongxing ក្នុងខេត្ត Henan ប្រទេសចិន កាលពីពេលថ្មីៗនេះ ។
សាកសពសត្វឆ្កែ ឆ្មា ទន្សាយ និងកណ្ដុរចិញ្ចឹមរាប់ពាន់ក្បាល ត្រូវបានប្រទះឃើញក្នុងប្រអប់បញ្ញើតូចៗ ក្នុងក្រុង Luohe ។ សត្វចិញ្ចឹមទាំងនោះ ត្រូវបានដឹកជញ្ជូនដាក់ក្នុងទ្រុងរុំប្លាស្ទិក បិទជិតក្នុងប្រអប់ក្រដាស ។
បើតាមក្រុមអ្នកសង្គ្រោះសត្វក្នុងតំបន់ថ្លែងប្រាប់សារព័ត៌មាន CBS News កាលពីថ្ងៃពុធ ទី ៣០ ខែកញ្ញាកន្លងទៅថា ក្នុងចំណោមសត្វក្នុងប្រអប់ខ្ជប់ទាំងអស់ មានត្រឹមប៉ុន្មានរយក្បាលប៉ុណ្ណោះ ដែលអាចជួយសង្គ្រោះបាន ហើយក្នុងនោះដែរ ខាងអាជ្ញាធរបានធ្វើការចុះស៊ើបអង្កេតលើការរកឃើញសាកសពសត្វយ៉ាងរង្គាលទាំងនេះ ៕
ប្រភព៖ mothership