ប្លែកភ្នែកជាមួយរមណីដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃមួយកន្លែងមានឈ្មោះថា រមណីយដ្ឋានត្រីមាស ដែលមានទីតាំងស្ថិតនៅក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ។ ប្រសិនបើធ្វើដំណើរចេញពីរាជធានីភ្នំពេញ មានចម្ងាយប្រហែល ៩៩ គីឡូម៉ែត ស្ថិតនៅលេីផ្លូវ ៤១ ទៅដល់ផ្សារត្រពាំងអណ្ដើក បត់ស្ដាំប្រហែល ២០ គីឡូម៉ែត្រ លោកអ្នកនឹងបានទៅដល់រមណីយដ្ឋានត្រីមាស ។
មិនឆ្ងាយពីភ្នំពេញប៉ុន្មាន ប៉ុន្តែរមណីយដ្ឋានដែលទើបបង្កើតថ្មីមួយកន្លែងនេះមានលក្ខណៈពិសេសជាច្រើនយ៉ាងដូចជា ស្ថិតនៅជាប់ជើងភ្នំ មានកញ្ចុះអង្គុយលេងនៅលើទឹក ដែលសុទ្ធសឹងតែមានត្រីជាច្រើននៅខាងក្រោម ជាពិសេសគឺត្រីមាស ឬ ត្រីខយ ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ រមណីយដ្ឋានមួយនេះត្រូវបានហ៊ុមព័ទ្ធទៅដោយជួរភ្នំតូចធំប្រដាក់គ្នា បង្កើតជាបរិយាកាសត្រជាក់ស្រេងពីខ្យល់ចេញពីរុក្ខជាតិនៅលើភ្នំ និង ពពករសាត់កៀកៗកិតជាប់នឹងភ្នំបង្កើយ ។
ក្រៅពីគយគន់ទេសភាព ភ្ញៀវដែលទៅលេងកម្សាន្ត ក៏អាចជិះទូក ឬ ទាទឹក លេងកម្សាន្តក្នុងបឹង ព្រមទាំងផ្តិតយករូបភាពជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍ ដ៏ស្រស់ស្អាតតាមប្លង់ជាច្រើន ជាពិសេសនោះគឺទីតាំងនេះក៏មានទាំងសួនផ្កាឈូករ័ត្នដ៏ធំ ដែលមានផ្កាកំពុងរីកធំល្អ បង្កើតបរិយាកាសស្រស់ស្រាយជាទីបំផុត ។
គួរបញ្ជាក់ដែរថា រមណីយដ្ឋានត្រីមាស នេះទើបតែបង្កើតឡើង ប៉ុន្តែកំពុងមានភ្ញៀវទៅកម្សាន្តជាច្រើន ហើយវាស័ក្តិសមបំផុតសម្រាប់អ្នកទេសចរណ៍ដែលចូលចិត្តបរិយាកាសធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ និង មិនចម្ងាយមិនឆ្ងាយប៉ុន្មានពីភ្នំពេញ ដោយអាចជិះម៉ូតូទៅក៏បាន ៕
ប្រភព៖ រមណីយដ្ឋាន ត្រីមាស