ការដែលយុវវ័យនៅសំកុកចុចទូរសព្ទ ឬ ធ្វើអ្វីមួយដល់យប់ៗជ្រៅទើបចូលគេងគឺជាការព្រួយបារម្ភមួយរបស់អាណាព្យាបាលរួចទៅហើយ ព្រោះវាអាចប៉ះពាល់ដល់ អារម្មណ៍ និង ការសិក្សារបស់ពួកគេនៅថ្ងៃបន្ទាប់ ។ ប៉ុន្តែថ្មីៗនេះ អ្នកស្រាវជ្រាវបានបង្ហាញពីហេតុផលថ្មីមួយដែលយុវវ័យមិនគួរនៅដល់យប់ជ្រៅនោះគឺ វាអាចធ្វើឱ្យពួកគេងាយទទួលរងជំងឺហឺត និង អាឡែហ្សីស្បែក បើប្រៀបធៀបជាមួយអ្នកដែលឆាប់ចូលគេង ។
ក្រោមការដឹកនាំស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវនៅក្នុង វិទ្យាស្ថានសុខភាពពិភពលោក Barcelona ប្រទេសអេស្ប៉ាញ បានសិក្សាទៅលើយុវវ័យចំនួន ១៦៨៤ នាក់ ដែលមានអាយុពី ១៣ ទៅ ១៤ ឆ្នាំ ស្តីពីការការពារ និង វិធានការទប់ស្កាត់ជំងឺហឹត និង អាឡែហ្សី ចំពោះមនុស្សវ័យជំទង់ ។
ក្នុងការសិក្សានោះផងដែរ គេបានសួរសំណួរជាច្រើនទៅពួកគេ ដូចជាថាតើពួកគេមានអាការៈណាមួយនៃជំងឺផ្លូវដង្ហើម ហឹត ឬ អាឡែហ្សី ឬអត់ ក៏ដូចជាសំណួរមួយចំនួនផ្សេងទៀតពាក់ព័ន្ធទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេរួមបញ្ចូលទាំងម៉ោងប៉ុន្មានដែលពួកគេចូលគេង និង ភ្ញាក់ពីគេង ហើយតើពួកគេមានអារម្មណ៍បែបណានៅពេលព្រឹក ដើម្បីបែកចែកដាក់ពួកគេជាក្រុម ។
បន្ទាប់មកលទ្ធផលនៃការស្រាវជ្រាវត្រួវបានបោះពុម្ពផ្សាយនៅក្នុង ERJ Open Research បង្ហាញថា យុវវ័យ ដែលគេងយប់ជ្រៅ ហើយភ្ញាក់ពីគេងយឺត មានហានីភ័យ ប្រឈមជំងឺហឹត ៣ ដង និង ជំងឺ អាឡែហ្សី ២ ដង ប្រៀបធៀបជាមួយអ្នកដែលឆាប់ចូលគេង និង ឆាប់ភ្ញាក់ពីគេង ។
ទោះបីជាការសិក្សាបានរួមបញ្ចូលផងដែរ ជាមួយនឹងកត្តាផ្សេងទៀតដូចជា ការទទួលផ្សែងបារីពីគ្រួសារ និង កន្លែងដែលពួកគេរស់នៅជាដើម ប៉ុន្តែយ៉ាងណាមិញ ការសិក្សានេះក៏នៅតែមានសារៈសំខាន់ និង ពិតជាបង្ហាញថា ទម្លាប់នៃការគេងពិតជាមានផលប៉ះពាល់ដល់សុខភាពរបស់មនុស្សវ័យជំទង់ខ្លាំងពិតមែន ៕
ប្រភព៖ World of Buzz