អាយុ ២៥ ឆ្នាំទោះមិនទាន់មានផ្ទះ មានឡាន ឱ្យតែធ្វើបាន ៥ យ៉ាងនេះទុកថាគ្រាន់បើបំផុតហើយ
ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ ព្រោះដំណើរនៃជីវិតគឺមិនដូចគ្នា ។ អ្នកខ្លះអាចជោគជ័យទាំងវ័យក្មេងគឺអាស្រ័យទៅលើស្ថានភាពគ្រួសារ ការចេះរៀបចំផែនការ ភាពឈ្លៀសវៃរបស់គេ ។ ប៉ុន្តែសួរថាតើមានមនុស្សប៉ុន្មាននាក់ដែលស្ថិតនៅក្នុងអំឡុងវ័យជាង ២០ឆ្នាំ ជោគជ័យមានផ្ទះ មានឡានជិះនោះ ? កុំតូចចិត្តបើអ្នកមិនទាន់មានវា តែអ្នកគួរតែមានមោទកភាពលើខ្លួនឯង បើអ្នកអាចធ្វើបាន ៥ យ៉ាងដូចខាងក្រោមនេះ៖
១. អ្នកអាចរស់នៅដោយខ្លួនឯងគ្មានហានិភ័យហិរញ្ញវត្ថុ
អ្នកមានការងារធ្វើច្បាស់លាស់ មានលំនឹង អាចទទួលបានប្រាក់ខែក្នុងកម្រិតមួយដែលអាចចាយវាយគ្រប់គ្រាន់ អាចសន្សំទិញរបស់ដែលអ្នកចង់បាន អាចដើរកម្សាន្ត និងមានប្រាក់ទុកសន្សំខ្លះ ដោយមិនចាំបាច់មានការទំនុកបម្រុងពីអ្នកផ្ទះទៀត ។
២. មានភាពចាស់ទុំគ្រប់គ្រាន់
នៅត្រង់ចំណុចនេះមានន័យថា មកដល់វ័យនេះអ្នកភាពចាស់ទុំ មានភាពជាអ្នកដឹកនាំក្នុងខ្លួន មានទំនួលខុសត្រូវទាំងការងារ ទាំងការសិក្សា ហ្មត់ចត់ច្បាស់លាស់ ។ ក្នុងវ័យនេះអ្នកអាចថ្លឹងថ្លែងរឿងរ៉ាវដែលកើតឡើងជារៀងរាល់ថ្ងៃ ចេះសម្រេចចិត្តធ្វើអ្វីមួយដែលមានការគិតល្អិតល្អន់ច្បាស់លាស់ ។
៣. អ្នកអាចដោះស្រាយបញ្ហាដោយខ្លួនឯង និងអាចឆ្លងកាត់នូវស្ថានភាពលំបាកផ្សេងៗតែម្នាក់ឯង
បញ្ហាកើតឡើងជារៀងរាល់ថ្ងៃមិនថាបញ្ហាការងារ បញ្ហាលុយកាក់ ស្នេហា គ្រួសារ ប៉ុន្តែអ្នកមានដំណោះស្រាយដ៏ល្អមួយ និងតែងតែរកក្ដីសុខឱ្យខ្លួនឯងបានដោយមិនយកបញ្ហាក្លាយជាឧបសគ្គរារាំងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក ។
៤. អាចធ្វើអ្វីៗដែលខ្លួនចង់ធ្វើសម្រាប់គ្រួសារ
កាលពីតូចអ្នកធ្លាប់ស្រម៉ៃទេថា ពេលធំឡើងរៀនចប់មានការងារធ្វើ អ្នកនឹងជួយផ្ដល់ថវិកាជូនប៉ាម៉ាក់ នាំពួកគាត់ដើរលេងទៅក្រៅប្រទេស ឬក្នុងស្រុកជាដើម ។ មកដល់វ័យមួយដែលអ្នកមានលទ្ធភាពជួយពួកគាត់បានខ្លះ ទោះមិនបានទាំងស្រុង នោះក៏ចាត់ទុកថាអ្នកធ្វើបានល្អហើយ ។
៥. កំពុងដើរទៅរកគោលដៅទៅតាមផែនការដែលអ្នកបានកំណត់
វ័យពាក់កណ្ដាល ៥០ ទៅហើយមិនមែនជាវ័យដែលអ្នកចាប់ផ្ដើមដាក់ផែនការទេ តែវាគួរតែជាពេលដែលអ្នកកំពុងឆ្ពោះទៅរកគោលដៅដែលអ្នកបានកំណត់ ។ អាយុប៉ុននេះអ្នកមានប្រាក់តម្កល់នៅធនាគារខ្លះ ទុកបើករបររកស៊ី ឬ កំពុងបង់រំលស់ផ្ទះ ឬ ធ្វើអ្វីផ្សេងដែលនាំឱ្យជីវិតកាន់តែប្រសើរជាងមុននោះក៏ចាត់ទុកថាអ្នកធ្វើបានល្អណាស់ទៅហើត ៕