បន្លែ ផ្កាព្រៃ ដែលមាននៅខេត្ត ឧត្តរមានជ័យ ទាំងនេះ ល្បីថាឆ្ងាញ់ណាស់
បើយើងក្រឡេកទៅមើលនៅឯខេត្ត ឧត្តរមានជ័យ ជារឿយៗ នៅពេលដែលមានភ្លៀងធ្លាក់ បានធ្វើឱ្យរុក្ខជាតិ ព្រៃព្រឹក្សា បានលូតលាស់បញ្ចេញផ្កាត្រួយខ្ចីយ៉ាងស្រស់បំព្រង និង ធ្វើឱ្យប្រជាពលរដ្ឋ អាចប្រមូលអនុផលពីព្រៃឈើ ដែលជាផ្នែកមួយជួយដល់ជីវភាពគ្រួសាររបស់ពួកគាត់បានមួយផ្នែកផងដែរ។
ថ្ងៃនេះ យើងសូមបង្ហាញពីឈ្មោះបន្លែ និង អនុផលព្រៃឈើ ដែលប្រជាពលរដ្ឋនៅខេត្ត ឧត្តរមានជ័យ អាចយកទៅទទួលទាន និង ល្បីថាមានរសជាតិប្លែកជាប់ចិត្ត រួមមាន៖
ទី១ «ផ្កាអាណោ» ដុះនៅក្នុងព្រៃមានដើមជាប្រភេទវល្លិ៍ ភាគច្រើនលូតលាស់ឡើងតាមដើមឈើធំៗ មានរសជាតិល្វីងតិចៗប៉ុន្តែឆ្ងាញ់ អាចយកទៅស្រុសធ្វើជាបន្លែ (អន្លក់) បុកទឹកគ្រឿងបានយ៉ាងឆ្ងាញ់ពិសារ ។ ហូបបានទាំងស្លឹកខ្ចី ត្រួយ ផ្លែខ្ចី ហើយ និង ផ្កា ។
ទី២ «ផ្កាចកអណ្ដើក ឬ ផ្កាក្រចកអណ្ដើក» គេអាចយកទៅធ្វើម្ហូបដូចជា ស្រុសធ្វើជាបន្លែ (អន្លក់) សម្រាប់បុកទឹកគ្រឿង បន្លែសម្លរប្រហើរ និង បន្លែសម្លរកកូរ សម្លរម្ជូរ ។ល។
ទី៣ «ដើមខ្បុក» (Forest Taro) គេអាចយកទៅធ្វើជាម្ហូបបាន ដូចជាសម្លរខ្ទិះដូង ឬ សម្លម្ជូរត្រីឆ្អើរ ដែលជាម្ហូបយ៉ាងឆ្ងាញ់សម្រាប់ប្រជាជនខ្មែរមួយមុខផងដែរ ។
មិនតែប៉ុណ្ណោះ បន្លែព្រៃ ទាំងនេះក៏បានក្លាយទៅជាបន្លែដ៏ពេញនិយម របស់ប្រជាជន និង អាចយកទៅលក់ រកប្រាក់ចំណូលជួយជីវភាពគ្រួសារទៀតផង៕