ទោះមានកូវីដ ១៩ កម្ពុជានៅតែលក់សំបុត្រទស្សនាអង្គរ បានជិត ១៨ លានដុល្លារ នៅរយៈពេល ៣ ខែដើមឆ្នាំនេះ
តាមរបាយការពីគ្រឹស្ថានអង្គរ បង្ហាញថា រយៈពេល ៣ ខែដំបូង ឆ្នាំ ២០២០ នេះ កម្ពុជាទទួលបានចំណូលជិត ១៨ លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ។
របាយការដដែលបញ្ជាក់ថា នៅរយៈពេល ៣ ខែ ចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំ ២០២០ ភ្ញៀវបរទេសចំនួន ៣៨ ៣៦៦៣ នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៥១.៣១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល ៣ ខែឆ្នាំនេះ ទទួលបានចំនួន ១ ៩១៩ ៩៣១ ដុល្លារ ធ្លាក់ចុះ ៥០,១៦ ភាគរយ ។ ប្រាក់ចំណូលជិត ១៨ លានដុល្លារនេះ ត្រូវបានដកចំនួនជាង ៧៦ ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖ ទី១៖ សំបុត្រសម្រាប់រយៈពេល ១ ថ្ងៃ អាចចូលទស្សនាបានរយៈពេល ២ ថ្ងៃ ។ ទី២៖ សំបុត្រសម្រាប់រយៈពេល ៣ ថ្ងៃ អាចចូលទស្សនាបានរយៈពេល ៥ ថ្ងៃ និង ទី៣៖ សំបុត្រសម្រាប់រយៈពេល ៧ ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ ថ្ងៃ ។ ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល ៤ ខែ ចាប់ពី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ តទៅ ៕