អភិបាលស្រុកវ័យក្មេង វែកមុខអ្នកកាប់រានទន្ទ្រានយកដីព្រៃខុសច្បាប់នៅស្រុកបន្ទាយស្រី ឃើញហើយ
បន្ទាប់ពីចុះទៅពិនិត្យជាក់ស្តែងពីការកាប់រានទន្ទ្រានយកដីព្រៃនោះ ឥឡូវនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការស៊ើបអង្កេត និង បានរកឃើញអ្នកចូលទៅលួចកាប់រានទន្ទ្រានយកដីព្រៃរាប់សិបហិកតានោះហើយ ហើយលោកក៏កំពុងតែចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងនោះ ។
លោក ឃឹម ហ្វីណង់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ចំណាត់ការបឋមចំពោះអ្នកពាក់ព័ន្ធនឹងករណីលួចកាប់ទន្ទ្រានព្រៃកោងកាងលិចទឹក និង ព្រៃក្បាលជប់ នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ។ ក្រោយពីបានត្រួតពិនិត្យឯកសារយ៉ាងហ្មត់ចត់ និង ប្រមូលព័ត៌មានបានពេញលេញរួចមក យើងអាចសន្និដ្ឋានបានថា អ្នកមានទោសកំហុសមុនគេគឺមន្ត្រីនៅក្នុងភូមិស្គន់ ។ ខុសដោយសារមិនបានរាយការណ៍ ខុសដោយឆ្លើយថា មិនដឹង ទោះបីជាបទល្មើសនេះ បានកើតឡើងជាងមួយសប្តាហ៍នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និង មានទ្រង់ទ្រាយធំនៅក្នុងភូមិ រហូតដល់អ្នកភូមិអស់ជំនឿចិត្ត ទើបសម្រេចចិត្តរាយការណ៍ ដោយផ្ទាល់មកខ្ញុំជំនួសវិញ ។ ខ្ញុំបានតម្រូវឱ្យមេភូមិចេញលិខិតទទួលស្គាល់ទោសកំហុសរបស់ខ្លួន ចំពោះការដែលមិនបានបំពេញតួនាទីការងារឱ្យបានត្រឹមត្រូវ ។ លិខិតនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមប្រឹក្សាឃុំត្រួតពិនិត្យតួនាទីរបស់គាត់ឡើងវិញតាមនីតិវិធីច្បាប់ ប្រសិនបើបន្តមានទោសកំហុសផ្សេងៗទៀតនៅថ្ងៃខាងមុខ។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងទៀតថា មានប្រជាពលរដ្ឋ ២ គ្រួសារ ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះដោយផ្ទាល់ ដោយកាប់ព្រៃលិចទឹកទន្ទ្រានយកដីទាំងគ្មានឯកសារកាន់កាប់ ទោះបីជាបានដឹងហើយថា ដីនេះគឺជាព្រៃក្បាលជប់ ដែលនៅមានទឹកជប់ចេញ និង នៅមានព្រៃគ្របដណ្តប់នៅឡើយ ។ គ្រួសារទាំង ២ នេះ ត្រូវចុះកិច្ចសន្យាប្រគល់ដីទាំងនោះជូនរដ្ឋវិញ និង ត្រូវបង់ថ្លៃពិន័យការខូចខាតព្រៃក្នុងចំនួនកំណត់ដោយរដ្ឋបាលព្រៃឈើ យ៉ាងយូរបំផុតក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីយកមកប្រគល់ជូនសហគមន៍នៅក្នុងភូមិស្គន់ដើម្បី ធ្វើការដាំ និង ស្តារព្រៃលិចទឹកដែលបានកាប់បំផ្លាញនោះឡើងវិញ ។ ហើយចំណាត់ការនេះគឺធ្វើឡើង ដោយមានការថ្លឹងថ្លែង និង យោគយល់ខ្ពស់បំផុត ហើយចាត់ទុកជាការជូនដំណឹងលើកទី ១ និង លើកចុងក្រោយផងដែរ ។ រាល់បទល្មើសក្រោយៗនៅក្នុងស្រុកបន្ទាយស្រីចាប់ពីថ្ងៃនេះទៅ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតមិនថាចំពោះប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសរឺចំពោះមន្ត្រីពាក់ព័ន្ធឡើយ ។
អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយទង្វើខុសច្បាប់នេះរួមមាន៖
១- អ្នកកាប់ព្រៃគ្រួសារទី១:
– ខាំ ហឿន ភេទប្រុស អាយុ ៥០ ឆ្នាំ (ប្ដីរបស់នួន ប្រន)
– នួន ប្រន ភេទស្រី អាយុ៤៨ឆ្នាំ (ប្រពន្ធរបស់ខាំ ហឿន)
២- អ្នកកាប់ព្រៃគ្រួសារទី២:
– ស៊ឹម ស៊ង់ ភេទប្រុស អាយុ៤៦ឆ្នាំ (ប្ដីរបស់ ភុំ ខុំ)
– ភុំ ខុំ ភេទស្រី អាយុ៣៨ឆ្នាំ (ប្រពន្ធរបស់ស៊ឹម ស៊ង់)
– ប៊ូ សាវី ភេទស្រី (កូនប្រសាររបស់ ស៊ឹម ស៊ង់)
– ស៊ឹម វាន់ទុក ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)
– ស៊ឹម ខន ភេទស្រី (កូនរបស់ស៊ឹម ស៊ង់)
– ខាន់ ភេទស្រី (កូនរបស់ស៊ឹម ស៊ង់)
– ស៊ឹម វាន់ឌី ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)
– ស៊ឹម សាក់ ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)
– ង៉ោ សូម ភេទប្រុស (កូនប្រសាររបស់ស៊ឹម ស៊ង់) ៕