អបអរសាទរ ស្ត្រីខ្មែរទី១ ទទួលបានពានរង្វាន់អ្នកជំនួញឆ្នើមនៅប្រទេសចិន
ពិតជាមោទកភាពខ្លាំងណាស់ ដែលស្ត្រីខ្មែរឆ្នើមមួយរូប ត្រូវបានអញ្ចើញឱ្យចូលរួម ក្នុងកម្មវិធី one root one dream របស់សមាគមន៍អ្នកជំនួញជនជាតិចិនទូទាំងពិភពលោក ដែលជាកម្មវិធីជួបជុំរបស់អ្នកជំនួញជនជាតិចិនមកពីបណ្តាប្រទេសនានាលើពិភពលោក ហើយរូបគាត់ត្រូវបានសមាគមន៍អ្នកជំនួញចិនពិភពលោកផ្តល់ពានរង្វាន់ជាអ្នកជំនួញឆ្នើម ។
លោកស្រី លុក សុវណ្ណា អគ្គនាយិកាក្រុមហ៊ុន ខេ និរន្តរ៍ ដែលជាអ្នកទទួលបាននូវពានរង្វាន់ជាអ្នកជំនួញឆ្នើមពីប្រទេសចិន ហើយក៏ជាស្ត្រីវ័យក្មេងទី១ របស់ប្រទេសកម្ពុជា សម្រាប់ ឆ្នាំ ២០២០ ដែលបានទទួលពានរង្វាន់ឆ្នើមនេះ ។ កម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ គឺធ្វើនៅមុនបុណ្យចូលឆ្នាំចិន ហើយនៅឆ្នាំ ២០២០ នេះ លោកស្រីបានក្លាយជាម្ចាស់ពានរង្វាន់អ្នកជំនួញឆ្នើម ដែលជ្រើសរើសចេញពីក្នុងចំណោមអ្នកជំនួញឆ្នើមជាងគេ ចំនួន ១០ ប្រទេស ។ ពានរង្វាន់នេះត្រូវអនុវត្តដោយផ្តោតសំខាន់លើ ការធ្វើជំនួញនាពេលកន្លងទៅ រហូតដល់បច្ចុប្បន្ន និង បានកសាងស្នាដៃល្អៗជាច្រើនផងដែរ នៅក្នុងសង្គម។
លោកស្រី លុក សុវណ្ណា បានមានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏ធំធេងណាស់ សម្រាប់រូបលោកស្រីផ្ទាល់ ក៏ដូចជាប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយរដ្ឋាភិបាលចិននាពេលនេះ ដោយការទទួលពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈទូរទស្សន៍ជាតិរបស់ប្រទេសចិន រយៈពេល៣ខែទៀតផង ៕