ប្រកបរបរលក់ឃ្មុំ ៣០ ឆ្នាំ ធ្វើឱ្យគ្រួសារមួយនៅខេត្តកំពង់ស្ពឺ មានជីវភាពធូរធារ
ដោយសារតែមុខរបរលក់ឃ្មុំនេះ បានធ្វើឱ្យជីវភាពគ្រួសារមួយនេះ មានជីវភាពធូរធារ និង រស់នៅបានសមរម្យ ។ គ្រួសារនេះបានប្រកបរបរលក់ឃ្មុំអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ដោយគ្រួសារនេះ រស់នៅក្នុងភូមិព្រីង ឃុំរលាំងចកស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ស្រី្តឈ្មោះ ញ៉ាញ វ៉ាត អាយុ ៦៧ ឆ្នាំ បានប្រកបរបរលក់ឃ្មុំរយៈពេលជាង ៣០ ឆ្នាំមកហើយនោះបានប្រាប់អ្នកសារព័ត៌មានរបស់យើងថា គាត់មានកូនប្រុសស្រីចំនួន៨ នាក់ ហើយគាត់បានចាប់មុខរបលក់ឃ្មុំនេះ តាំងពីអំឡុងឆ្នាំ ១៩៩០ មកម្ល៉េះ ។ ចំពោះឃ្មុំ ដែលគាត់បានយកមកលក់នេះគឺគាត់ទិញពីគេ ខ្លះកូនគាត់ដើររកបានខ្លះ បន្ទាប់ពីពួកគេចេញពីសាលារៀនវិញ ។
ឃ្មុំដែលគាត់លក់ក្នុងមួយថ្ងៃចាប់ពី ១៥ ក្បាលទឹកទៅ ២០ ក្បាលទឹក និង ផ្លិតពងកូនក៏ដូចគ្នាដែរ ហើយភាគច្រើនភ្ញៀវយកទឹកឃ្មុំ ដើម្បីទៅធ្វើថ្នាំលាយស្រាស ឬ បន្សាប់ជាតិពុលជាដើម ។ ទឹកឃ្មុំគាត់លក់មួយលីត្រមានតម្លៃចាប់ពី ១៤ ម៉ឺនរៀលទៅ ១៥ ម៉ឺនរៀល នៅក្នុងរដូវវស្សា ។ ចំណែករដូវប្រាំងទឹកឃ្មុំមួយលីត្រគាត់លក់បានតម្លៃចាប់ពី ១៧ ម៉ឺនរៀលទៅ ១៨ ម៉ឺនរៀល ព្រោះដូវប្រាំងទឹកឃ្មុំពុំសូវមានទេ មានតែលំអងក្រមួនសុទ្ធ ។
សព្វថ្ងៃនេះ ឃ្មុំពិបាករកណាស់ ទាល់តែទៅរកនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទើបមាន ព្រោះខាងខេត្តកំពង់ឆ្នាំង ភាគច្រើនប្រជាពលរដ្ឋ ធ្វើស្រែច្រើន ទើបធ្វើឱ្យសម្បូរលម្អងផ្កាស្រូវ ជាពិសេសលម្អងផ្កាអំពៅជាដើម ។ល។ គាត់នៅតែបន្តលក់ឃ្មុំទៀត ព្រោះរបរនេះភាគច្រើនអ្នកភូមិគាត់នៅរកច្រើនគ្រួសារណាស់ ណាមួយទឹកឃ្មុំឥឡូវមិនសូវមានសុទ្ធទេ ហើយរបរមួយនេះគាត់បានចិញ្ចឹមកូនតាំងពួកគេនៅតូចៗ រហូតមានគូស្រករអស់ហើយ ។
គាត់បានបន្ថែមទៀតថា អត្ថប្រយោជន៍ក្រមួនឃ្មុំ គេអាចយកទៅធ្វើជាទានបាន សម្រាប់ដុតបំភ្លឺ នៅក្នុងពិធីបុណ្យទានផ្សេងៗបាន ព្រោះ ផ្សែងទានដែលធ្វើអំពីក្រមួនឃ្មុំវាមិនបានធ្វើឱ្យប្រឡាក់ផ្ទះ ឬ ធុំក្លិនឈ្ងៀមឡើយ ៕