បានដំណែងម្ចាស់ផ្ទះភ្លាម ថៃស្នើរឹតបន្តឹងរឿងអត្តពលិកចូលសញ្ជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣
ថ្មីៗនេះ លោក Big Tom ដែលមានរហស្សនាមថាជា «មេទ័ពដឹកនាំកីឡាថៃ» មានតំណែងជាអ្នកដឹកនាំ និង គ្រប់គ្រងក្រុមអត្តពលិកថៃ បានលើកឡើងថា ខ្លួនកំពុងដាក់ស្នើសុំឱ្យមានការរៀបចំ និង ពិនិត្យឡើងវិញពីករណីអត្តពលិកចូលសញ្ជាតិ ឬ ការទិញកីឡាករពីក្រៅប្រទេសមកចូលប្រកួតស៊ីហ្គេម។
លោក Big Tom បានពោលថា ៖ «នៅពេលថៃក្លាយជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣៣ ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ លោកនឹងស្នើឱ្យមានការរឹតបន្ដឹងចំពោះកីឡាករចូលសញ្ជាតិ ឬ ការទិញកីឡាករប្រទេសមកចូមរួមប្រកួតស៊ីហ្គេម ព្រោះតែមើលទៅវាហាក់មិនសមរម្យទាល់តែសោះ។ ប្រទេសថៃ បានដាក់សំណើរនេះឡើងទៅហើយ តែសមាជិកទាំងអស់មិនទាន់មានការបោះឆ្នោតនៅឡើយទេ ថាតើទុកឱ្យមានបែបនេះបន្ដទៀត ឬ យ៉ាងណា»។
បន្ថែមពីនេះ គណៈកម្មការគ្រប់គ្រងកីឡាថៃ ក៏បានពោលថា ៖ «នៅពេលថៃធ្វើជាម្ចាស់ផ្ទះ នឹងមានការកាត់បន្ថយប្រភេទកីឡាក្នុងស្រុក ដោយមិនឱ្យមានលើសពី ៤ ប្រភេទនោះទេ ហើយមេដាយមាស គឺយ៉ាងច្រើនមានត្រឹមតែ ៨ ប៉ុណ្ណោះ ហើយនឹងផ្ដោតលើកីឡាប្រភេទអន្ដរជាតិ ដែលភាគច្រើនមាននៅក្នុងកីឡាអូឡាំពិក។ ចំពោះការឱ្យកីឡាករចូលសញ្ជាតិមកប្រកួត វាហាក់បីដូចជាទិញតួមកលេងដែលធ្វើឱ្យមានប្រៀបជាងអ្នកដទៃ គួរណាស់តែមានការពិនិត្យមើលឯកសារផ្លូវច្បាប់ថាតើកីឡាកររូបនោះរស់នៅប្រទេសនោះប៉ុន្មានថ្ងៃ ប៉ុន្មានឆ្នាំ តើស័ក្តិសមអាចចូលរួមប្រកួតបានទេ? តែបើគ្រាន់តែមានលិខិតឆ្លងដែនរបស់ប្រទេសនោះ ហើយអាចចូលប្រកួត ករណីនេះគឺថាមានប្រៀបជាងឆ្ងាយណាស់។ ហេតុដូចនេះ យើងនឹងព្យាយាមស្វែងរកដំណោះស្រាយ»។
«លើសពីនេះ ក្នុងករណីកីឡាក្នុងស្រុកច្រើន ហើយមេដាយមាសច្រើន ជាក់ស្ដែងដូចករណីសិង្ហបុរី ស្ទើរតែមិនបញ្ជូនអត្តពលិកខ្លួនចូលរួមប្រកួតទៅហើយ ព្រោះតែមើលមិនឃើញទិសដៅក្នុងការអភិវឌ្ឍន៍កីឡាកររបស់ខ្លួន ខណៈពេលដែលពួកយើងផ្ទាល់មើលឃើញថា បើសិនជាប្រទេសអាស៊ានណាចង់ដាក់កីឡាក្នុងស្រុកច្រើន គួរតែបំបែកចេញពីព្រឹត្តិការណ័ស៊ីហ្គេម ទើបស័ក្ដិសម»៕